(ប៉ៃលិន)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅវត្តបេងសុវណ្ណារាម ហៅវត្តបេង លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត បានទទួលព្រះអំណោយស្បៀងពីព្រះគ្រូ ឃុត ចាន់ហៀង ព្រះចៅអធិការវត្តបេងសុវណ្ណារាម សម្រាប់យកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្ត ជាពិសេសយកទៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ទីទាល់ក្រខ្វះខាតស្បៀង កំពុងមានបញ្ហាជីវភាពគ្រួសារ ដោយសារការផ្ទុះឡើងនូវជម្ងឺកូវីដ-១៩។

ព្រះគ្រូ ឃុត ចាន់ហៀង ព្រះចៅអធិការវត្តបេងសុវណ្ណារាម បានមានសង្ឃដីកាថា អំណោយដែលឧបត្ថម្ភនាពេលនេះ គឺបានមកពីពុទ្ធបរិស័ទ ចំណុះជើងវត្ត ជិតឆ្ងាយ ប្រគេនដល់ព្រះសង្ឃក្នុងវត្ត ហើយព្រះសង្ឃក៏បានផ្តល់ជូនបន្តដល់អាជ្ញាធរខេត្តប៉ៃលិន សម្រាប់ជួយដល់ជនក្រីក្រ ជនងាយរងគ្រោះ ក្មេងកំព្រា ចាស់ជរាគ្មានទីពឹង និងបញ្ហាផ្សេងៗទៀត ដោយមិនប្រកានពូជសាសន៍ ពណ៌សប្បុរ និងនិន្នាការនយោបាយឡើយ។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ព្រះពុទ្ធសាសនា បច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ និងលើកកម្ពស់សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គង ក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិយើង ដើម្បីពង្រឹងទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ផាន់ ចាន់ធុល ក្នុងនាមរដ្ឋបាលខេត្ត និងគណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត សូមថ្លែងអំណរព្រះគុណ ចំពោះព្រះចៅអធិការវត្តបេងសុវណ្ណារាម និងព្រះសង្ឃគ្រប់វត្ត ដែលជានិច្ចកាល បានចូលរួមចំណែកក្នុងវិស័យអាណាចក្រ មានដូចជា៖ បច្ច័យ គ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកការងារមនុស្សធម៌នៅក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ ព្រះអំណោយដែលរដ្ឋបាលខេត្តប៉ៃលិន ទទួលពីព្រះចៅអធិការវត្តបេងសុវណ្ណារាម រួមមាន៖ អង្ករ ចំនួន ២តោន ទឹកសុទ្ធ២០០យួរ នឹងអាវយឺត ចំនួន ៧៥ អាវផងដែរ៕