(ប៉ៃលិន)៖ លោកអនុបណ្ឌិត ស្លេះ យូ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនថ្មី ជំនួសលោកគ្រូពេទ្យ អាង នាង អតីតប្រធានមន្ទីរដែលត្រូវចូលនិវត្តន៍ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីលោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។

នៅក្នុងពិធីនេះ អភិបាលខេត្តប៉ៃលិន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទូទាំងខេត្តប៉ៃលិន ត្រូវសហការជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាចូលរួមលើកកម្ពស់អនាម័យ ដើម្បីអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងកូវីដ១៩។

លោកអភិបាលខេត្ត បានមាផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានច្បាស់លាស់ តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានានូវការអនុវត្តការផ្តល់សេវាសុខមាលភាព ជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យជាមួយអ្នកជំងឺ ទើបមានការគាំទ្រ និងកោតសរសើពីប្រជាពលរដ្ឋ មកវិញ។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានកោតសរសើរចំពោះក្រុមគ្រូពេទ្យជំនាញ ដែលកន្លងបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការទទួល ខុសត្រូវខ្ពស់ ក្នុងការពិនិត្យតាមដានសុខភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានសម្ដែងការលើកទឹកចិត្តខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន ដែលបានរួមសហការគ្នាចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានការសង្ស័យ ឬទើបវិលមកពីក្រៅប្រទេស ឱ្យមកពិនិត្យសុខភាព និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោក អ៊ឹង ភីរុន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ខេត្តប៉ៃលិន មានមន្ទីរពេទ្យបង្អែក និងមានមណ្ឌលសុខភាពសុទ្ធតែល្អៗ ហើយរបៀបរបបធ្វើការងារ, ការស្លៀកពាក់ របស់ក្រុមគ្រូពេទ្យក៍មានការល្អប្រសើផងដែរ ជាពិសេសគឺមានទឹកចិត្តជួយដល់ប្រជាពលរដ្ឋអ្នកជំងឺដោយអស់ពីសមត្ថភាព អស់ពីចិត្ត ពីថ្លើម ដែលនេះជាគុណសម្បត្តិដ៏ធំរបស់ក្រុមគ្រូពេទ្យយើង។

រដ្ឋលេខាធិការ បានបញ្ជាក់ថា «មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ គឺសុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញឱ្យបានល្អត្រឹមត្រូវទៅតាមគោលនយោបាយ និងការណែនាំ របស់រដ្ឋាភិបាល ហើយចំពោះអំពើខុសឆ្គងរបស់មន្រ្តី ដែលបានធ្វើឲ្យខូចខាត និងប៉ះពាល់ដល់គោលនយោបាយរបស់រដ្ឋាភិបាល គឺយើងត្រូវតែធ្វើការកែលំអរឱ្យបានឆាប់រហ័ស»

បើតាមរបាយការណ៍របស់លោកអនុបណ្ឌិត ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលថ្មីខេត្តប៉ៃលិន នៅខេត្តប៉ៃលិន បច្ចុប្បន្នមានមន្ទីរពេទ្យបង្អែកចំនួន១, មណ្ឌលសុខភាពចំនួន៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន៣ និងនៅស្រុកសាលាក្រៅចំនួន៣៕