(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានជូនដំណឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 រដ្ឋាភិបាលកូរ៉េបានសម្រេចដាក់ ចេញនូវវិធានការណ៍ថ្មី សម្រាប់ជនបរទេសដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ ហើយវិធានការណ៍នេះ នឹងចូលជាធរមាន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០០៖០០នាទី។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា៖

*ទី១៖ ជនបរទេសទាំងអស់ដែលស្នាក់នៅកូរ៉េរយៈពេលយូរ លើកលែងជនបរទេសដែលជាមន្ត្រីការទូត កាន់ទិដ្ឋាការ A-1 មន្ត្រីរដ្ឋាភិបាលដែលកាន់ទិដ្ឋាការ A-2 ជនបរទេសដែលកាន់ទិដ្ឋាការ A-3 (Treaties) និងពលរដ្ឋកូរ៉េនៅបរទេសដែលកាន់ទិដ្ឋាការ F-4 តម្រូវឱ្យស្នើសុំលិខិតបញ្ជាក់អនុញ្ញាតឱ្យចូលកូរ៉េជាថ្មីម្តងទៀត (Re-Entry Permit) នៅការិយាល័យអន្តោប្រវេសន៍ មុននឹងធ្វើដំណើរចេញពីកូរ៉េ ប្រសិនបើអ្នកទាំងនោះចង់រក្សាសិទ្ធិស្នាក់នៅ និងរយៈពេលស្នាក់នៅ។ ការចាកចេញពីកូរ៉េដោយពុំមានបញ្ជាក់ Re- Entry Permit មានន័យស្មើនឹងការលុបចោលបណ្ណស្នាក់នៅ (Alien Registration)។

*ទី២៖ ជនបរទេសទាំងឡាយដែលទទួលបាននូវ Re-Entry Permit និងមានបំណងធ្វើដំណើរចូលកូរ៉េវិញ ត្រូវទៅពិនិត្យសុខភាព (មិនមែនពិនិត្យរកជំងឺកូវីដ-១៩ ទេ) យ៉ាងតិច ៤៨ម៉ោង មុនពេលចេញដំណើរទៅកូរ៉េ និងត្រូវបង្ហាញលិខិតបញ្ជាក់សុខភាពខាងលើ (ភាសាអង់គ្លេស ឬភាសាកូរ៉េ) ជាលាយលក្ខអក្សរនូវរោគវិនិច្ឆ័យ (written diagnosis) ដូចជា គ្រុនក្តៅ ក្អក ឈឺក្បាល ពិបាកដកដង្ហើម ឈឺ សាច់ដុំ ឬរោគសញ្ញាផ្លូវដង្ហើម ជាដើម ដល់ភ្នាក់ងារ ឬប្រតិបត្តិករដឹកជញ្ជូន (transport operator) និងមន្ត្រីអន្តោប្រវេសន៍ក្នុងករណីមានការស្នើសុំ។ ផ្ទុយទៅវិញ ក្នុងករណីជនបរទេសទាំងឡាយណា ដែលមានវិញ្ញាបនបត្រលើកលែងការធ្វើចត្តាឡីស័ក (Isolation Exemption Certificate) ដែលចេញដោយស្ថានទូត ឬស្ថានកុងស៊ុលកូរ៉េប្រចាំនៅបរទេស អ្នកទាំងនោះពុំចាំបាច់ទៅពិនិត្យសុខភាពដើម្បីធ្វើរោគវិនិច្ឆ័យនោះឡើយ។

សូមបញ្ជាក់ថា សម្រាប់ជនបរទេសទាំងឡាយណាដែលបានចាកចេញពីកូរ៉េ មុនវិធានការណ៍ខាងលើចូលជាធរមាន (ថ្ងៃទី០១ មិថុនា ២០២០) និងមានបំណងត្រឡប់ចូលកូរ៉េវិញ ពុំចាំបាច់ទៅពិនិត្យសុខភាព ដូចមានកំណត់ក្នុងចំណុចទី ២ឡើយ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងទូតខ្មែរនៅកូរ៉េខាងត្បូង៖