(កំពង់ស្ពឺ)៖ ក្រុមការងារគណបក្ស ចុះជួយស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់សកម្មជន យុវជនគណបក្សឃុំ និងភូមិចំនួន៩៦រូប ក្នុងនោះនៅឃុំកាត់ភ្លុកចំនួន៥៤រូប និងឃុំភក្តីចំនួន៤២រូប ដែលដឹកនាំដោយ លោក ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួម ពីលោក ស្រូយ អាដុល្លារ ប្រធានក្រុមការងារចុះជួយឃុំកាត់ភ្លុក, លោក លី ចាន់សុភក្តី ប្រធានក្រុមការងារចុះជួយឃុំភក្តី រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាចុះជួយឃុំកាត់ភ្លុក និងឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក ហេង សុខគង់ បានផ្តាំផ្ញើនូវបណ្តាំសួរសុខទុក្ខពីសំណាក់លោក កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារចុះជួយខេត្ត, លោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងលោក អៀង មូលី ប្រធានក្រុមការងារចុះជួយស្រុកបសេដ្ឋផងដែរ។

លោក ហេង សុខគង់ បានលើកឡើងថា ការបើកវគ្គនេះ ដើម្បីឱ្យពួកគាត់យល់ច្បាស់ពីមូលហេតុនៃការរឹតបន្តឹងច្បាប់ចរាចរណ៍របស់រាជរដ្ឋាភិបាល គឺក្នុងគោលដៅការពារអាយុជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់ចរាចរណ៍ ដែលក្នុងមួយឆ្នាំៗសម្លាប់មនុស្សជិត៣ពាន់នាក់ និងធ្វើឱ្យមានពិការភាពរាប់ពាន់នាក់ទៀត ដែលទាំងនេះជាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលធ្វើឱ្យបាត់បង់ធនធានមនុស្សនិងខូចខាតដល់សេដ្ឋកិច្ច និងសង្គមយ៉ាងខ្លាំង ។

ជាមួយគ្នានេះ ការអនុវត្តច្បាប់ចរាចរណ៍ គឺធ្វើឡើងសម្រាប់តែអ្នកល្មើសច្បាប់ប៉ុណ្ណោះ ដោយមិនរំខាន ឬប៉ពាល់ដល់ការធ្វើដំណើររបស់បងប្អូនឡើយ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានស្នើឱ្យសកម្មជនយុវជនយើងទាំងអស់ ក្រោយពេលរៀនសូត្រហើយ ត្រូវយកចំណេះដឹងទាំងនេះទៅអប់រំបន្តដល់បងប្អូន ក្រុមគ្រួសារ និងមិត្តភក្តិដើម្បីចូលរួមទាំងអស់គ្នា អនុវត្តច្បាប់ និងកាត់បន្ថយហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ។

បន្ថែមពីលើនេះទៀត លោក ហេង សុខគង់ ក៏បានលើកឡើងនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលសំណូមពរឱ្យពលរដ្ឋទាំងអស់ បន្តអនុវត្តនូវក្បួនអនាម័យ ការលាងសំអាតដៃឱ្យបានត្រឹមត្រូវ ការរក្សាគម្លាតសង្គម និងបុគ្គល ការប្រើម៉ាស់ ឬក្រម៉ានៅកន្លែងចាំបាច់ដើម្បីបង្ការពីជំងឺ COVID-19 ទាំងអស់គ្នា ការការពារខ្លួនឯងពីជំងឺនេះ ជាការការពារសុខភាព និងអាយុជីវិតគ្រួសារយើង និងសហគមន៍យើង។

លោកបន្ដថា «ដោយសារការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ព្រមទាំងការចូលរួមសហការល្អ ពីមន្ត្រីសុខាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាយុវជនយើង ទើបកម្ពុជាអាចគ្រប់គ្រងបានពីរលកទី១ នៃជំងឺដ៏កាចសាហាវនេះ តែយើងក៏មិនត្រូវធ្វេសប្រហែសនោះដែរ»

ឆ្លៀតក្នុងឱកាសនោះ លោកបានស្នើឱ្យថ្នាក់ដឹកនាំឃុំ និងយុវជនភូមិ ឃុំទាំងអស់បន្តធ្វើអំពើល្អ រក្សាចាស់ និងបង្កើនថ្មី ព្រមទាំងបង្កើនប្រជាប្រិយភាពគណបក្ស ដើម្បីដណ្តើមប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងបោះឆ្នោតសាកលឆ្នាំ២០២៣ ជាបន្តទៀត។

ព្រមជាមួយគ្នានោះ លោក ហេង សុខគង់ និងក្រុមការងារ បានផ្តល់ជូនដល់សិក្ខាកាម និងអ្នកចូលរួមទាំងអស់នូវមួកសុវត្ថិភាពម្នាក់ៗចំនួន១ ឧបត្ថម្ភថវិការដ្ឋបាលបក្សឃុំទាំងពីរ សែសិបម៉ឺនរៀល និងគ្រូឧទ្ទេសមកពីនគរបាលរដ្ឋបាលឃុំទាំងពីរ នូវមួកសុវត្ថិភាពម្នាក់មួយ និងថវិកា៨ម៉ឺនរៀលផងដែរ៕