(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តអនុគ្រោះផ្នែកពន្ធ ចំពោះវិស័យទេសចរណ៍ និងអាកាសចរណ៍ ចំនួន២ខែបន្ថែមទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រាជដ្ឋាភិបាល ស្តីអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ១៩។

សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា វិធានការទាំងនេះ បានធ្វើឡើងដើម្បីរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករនិយោជិតដោយបញ្ជាក់ថា៖

១៖ វិធានការបន្តជួយវិស័យទេសចរណ៍៖

* បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្ត កំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ២ខែបន្ថែមទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០។

* បន្តអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលព្យួរអាជីវកម្ម លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២១។

២ ៖ វិធានការជួយវិស័យអាកាសចរណ៍៖ លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល ២ខែបន្តទៀត ចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មានមួយ សំដៅជួយដល់វិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ហើយវិធានការទាំងនោះរួមមាន៖

១៖ វិស័យអាកាសចរណ៍៖
* លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល៣ខែ ចាប់ពីខែមីនា រហូត ដល់ខែឧសភា ឆ្នាំ២០២០ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា
* ពន្យារការបង់ប្រាក់ជំពាក់កម្រៃ អាកាសចរស៊ីវិលសម្រាប់រយៈពេល៦ខែ ជាមួយនឹងការអនុញ្ញាត ឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ។

២៖ វិស័យទេសចរណ៍៖

* ពង្រីកវិសាលភាពបន្ថែម លើវិធានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះ បញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែ ដោយគិតចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធ អនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (EVAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃ ការលើកលែងនេះ។

* កំណត់ឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមិនា ឆ្នាំ២០២០, ប៉ុន្តែប្រាក់ពន្ធត្រូវបានអនុញ្ញាតឲ្យបង់ រំលាស់ជារៀងរាល់ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០៕