(បន្ទាយមានជ័យ)៖ លោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បានណែនាំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន បានជំរុញឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះកូវីដ-១៩ និងលើកកម្ពស់ការដាំដុះបន្លែ បង្ការផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាបំពេញតម្រូវការក្នុងស្រុក តាមរយៈការដាំដុះបន្លែសុវត្ថិភាពគ្មានជាតិគីមី និងមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ 

ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែរ លោកបានអញ្ជើញជាអធិបតីចែកអំណោយជូនពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ២១គ្រួសារ ទទួលរងគ្រោះដោយវិបត្តិកូវីដ-១៩ ក្នុងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង ក្រុមការងារចុះជួយសង្កាត់ យុវជន ស្ថិតនៅភូមិស្នាយដង្គត់ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។

លោក ឈើយ ចាន់ណា ក៏បានអំពាវនាវសូមបងប្អូននាំគ្នាដុះដាំបន្លែ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃពិសេសដំណាក់កាលនៃការរាត់ត្បាត់ពីជំងឺកូវីដ-១៩នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី បានផ្តួចផ្តើមបង្កើនមូលនិធិសម្រាប់ជួយដល់បងប្អូនបង្កបង្កើនផលដូចជា៖ ដាំដុះបន្លែ រួមផ្សំ និងចិញ្ចឹមសត្វជាដើម ដោយបងប្អូនអាចខ្ចីថវិកាបានដោយគិតការប្រាក់ទាប់បំផុត ក្នុងន័យជួយដល់បងប្អូនដែលកំពុងតែរងគ្រោះដោយសាវិបត្តិកូវីដ-១៩។

ទន្ទឹមនឹងនោះ លោក ឈើយ ចាន់ណា បានបន្ថែមថា បច្ចុប្បន្ន ជំងឺកូវីដ-១៩នេះ មិនទាន់មានការថបថយនៅឡើយទេ ហើយថ្មីនេះយើងក៏បានរកឃើញករណីថ្មីបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ដែលជាករណីនាំចូលមកពីក្រៅប្រទេស តែទោះជាយ៉ាងក៏ដោយសូមបងប្អូនបង្កើននូវការប្រុងប្រយ័ត្នពីការឆ្លងពីជំងឺនេះ ដោយទាមទារឲ្យបងប្អូនចូលរួមអនុវត្តវិធានការ អនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដោយមិនត្រូវចេញទៅណាបើមិនចាំបាច់ ត្រូវលាងសម្អាតដៃឱ្យបានជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែលត្រូវពាក់ម៉ាស់ពេលចេញទៅក្រៅមានមនុស្សច្រើន និងត្រូវរក្សាគម្លាតសង្គម។

ចំពោះអំណោយដែលបានយកទៅចែកជូនប្រជាពលរដ្ឋទាំង ២១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ និងសម្ភារមួយចំនួនទៀត៕