(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តព្រះវិហារ។

តាមរយៈសន្និសីទសារព័ត៌មាននេះ លោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ដព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត បានឡើងបង្ហាញនូវអ្វីដែលជាសមិទ្ធផល ដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងអ្វីដែលជាទិសដៅការងារសម្រាប់អនុវត្តបន្ដទៀតផងដែរ។

*ទី១៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖

ការដាំដុះស្រូវរដូវវស្សាឆ្នាំ២០១៩ ២០២០ អនុវត្តបានចំនួន ៩៣,៣១៣ហិកតា ស្មើនឹង១០៤.៤១% នៃផែនការសរុប ៨៩,៣៧០ហិកតា រីឯផ្ទៃដីដាំដុះ ស្រូវរវដូវប្រាំងអនុវត្តបានចំនួន១២ហិកតា ស្មើនឹង៩.២៣% នៃផែនការ១៣០ហិកតា។ ចំពោះការបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ រដូវវស្សាអនុវត្តបានសរុប១៣៩,៣៨៩ហិកតា ស្មើនឹង១៨៩.៨៥% នៃផែនការ ៧៣,៤២០ហិកតា។

ឆ្នាំ២០១៩កន្លងទៅនេះ សហគមន៍កសិកម្មមានចំនួន៣៤ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គសរុបចំនួន ២២,៤៦១តោន លើផ្ទៃដីសរុបចំនួន១៤,៧៦៩ហិកតា ដើម្បីលក់ឲ្យក្រុមហ៊ុនចំនួន០៣ ក្នុងនោះគឺ៖ ក្រុមហ៊ុនអេមរ៉ុរ៉ាយ (AMRU Rice) ចំនួន ១៨,៨៨៥.៦៤៣តោន, ក្រុមហ៊ុនស៊ិកណេតឈ័រអហ្វអេស៊ា (Signatures of Asia) ចំនួន១,៨២៩.៨១តោន និងក្រុមហ៊ុន ហ្គោលដិនរ៉ាយ (Golden Rice) ចំនួន ៣,០៦៤.០៧៧តោន។

*ទី២៖ វិស័យទេសចរណ៍៖

វិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយរបស់ខេត្ត ក្នុងការអភិឌ្ឍន៍ដោយផ្អែកលើ «ធនធាន វប្បធម៌ និងធម្មជាតិ» ដែលមានគោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរណ៍អាចមក ទស្សនាកម្សាន្ដមានចំនួន១៧កន្លែង ក្នុងនោះរមណីយដ្ឋានដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាជាប្រចាំមានចំនួន៧កន្លែង រួមមាន៖ រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារ, ប្រាសាទកោះកែរ, ប្រាសាទព្រះខ័នកំពង់ស្វាយ, ទឹកធ្លាក់ព្រះនិម្មិត, ទឹកធ្លាក់តេជោបុស្សស្បូវ, ទឹកធ្លាក់ភ្នំត្បែង និងសហគមន៍ត្មាតប៉ើយ។

*ទី៣៖ វិស័យរ៉ែ និងថាមពល៖

ខេត្តព្រះវិហារ សម្បូរទៅដោយធនធានរ៉ែគ្រប់ប្រភេទ រួមមាន៖ រ៉ែដែក រ៉ែស្ពាន់ រ៉ែមាស រ៉ែប្រេងកាត និងរ៉ែលោហៈផ្សេងៗទៀត ដែលគ្រប់ដណ្តប់ស្ទើរទូទាំងខេត្ត ហើយមកទល់ពេលនេះ មានក្រុមហ៊ុនចំនួន២១ ដែលបានកំពុងធ្វើអាជីវកម្ម និងសិក្សាស្រាវជ្រាវ ក្នុងនោះមាន៖

ក្រុមហ៊ុនធ្វើអាជីវកម្មរុករករ៉ែលោហៈចំនួន ២ក្រុមហ៊ុន, អាជីវកម្មថ្មភក់ ០៣ក្រុមហ៊ុន, អាជីវកម្មថ្មសំណង់ ២ក្រុមហ៊ុន និងអាជីវកម្មថ្មអារចំនួន ១ក្រុមហ៊ុន។

ក្រុមហ៊ុនកំពុងសិក្សាស្រាវជ្រាវរ៉ែលោហៈ ១៣ក្រុមហ៊ុន ដោយឡែកចំពោះការផ្គត់ផ្គង់អគ្គីសនី ដោយមានកិច្ចសហប្រតិបត្តិការជាមួយខេត្តចម្ប៉ាសាក់ យើងបានតភ្ជាប់បណ្តាញពីខេត្តស្ទឹងត្រែង និងបានពង្រីកអគ្គីសនីប្រើប្រាស់ទូទាំងខេត្ត។

*ទី៤៖ វិស័យអប់រំ៖

ខេត្តមានអគារសិក្សាគ្រប់កម្រិតចំនួន ៤០៤កន្លែង ស្មើនឹង២,០៥៦បន្ទប់ ក្នុងនោះមាន វិទ្យាល័យចំនួន១៦កន្លែង អនុវិទ្យាល័យចំនួន៤៨កន្លែង បឋមសិក្សាចំនួន២២៨កន្លែង និងមតេ្តយ្យសិក្សាចំនួន១១២កន្លែង ដែលមានបុគ្គលិកសិក្សាចំនួន២,៤៨៨នាក់ ស្រី១,១២៤នាក់។ ដោយឡែកសាលារៀន ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានចំនួន១០៨ខ្នង ស្មើនឹង ៧៤៧បន្ទប់។

*ទី៥៖ វិស័យសុខាភិបាល៖

សេវាថែទាំសុខភាពប្រជាពលរដ្ឋ បានពង្រីកទៅដល់មូលដ្ឋាននៅទូទាំងខេត្តសរុបចំនួន ៤៩កន្លែង ដោយទទួលពិនិត្យ និងថែទាំព្យាបាលជំងឺលើ ផ្នែកសុខភាពបន្តពូជ យុវវ័យ មាតា ទារក កុមារ និងអាហារូបត្ថម្ភ ផ្នែកប្រយុទ្ធនឹងជំងឺឆ្លង និងជំងឺមិនឆ្លង ព្រមទាំងបញ្ហាសុខភាព សាធារណៈដ៏ទៃទៀត រួមមាន៖ សុខភាពភ្នែក សុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន សុខភាព មាត់ ធ្មេញ និងជំងឺរាំរៃផ្សេងៗ។

តាមរយៈកិច្ចព្រមព្រៀង និងមានកិច្ចសហការគាំទ្រពីអង្គការដៃគូ ពីសំណាក់គ្រូពេទ្យស្ម័គ្រចិត្តប្រជាពលរដ្ឋជាច្រើនបានទទួលនូវសេវាពិនិត្យ និងព្យាបាលដោយ ឥតគិតថ្លៃនៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្ត។ ចំពោះស្ថានភាពវីរុសកូវីដ១៩ នៅខេត្តព្រះវិហារ បានរកឃើញមានផ្ទុកវីរុសលើជនជាតិខ្មែរ ឥស្លាម ចំនួន០២រូប ដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី បច្ចុប្បន្នបានជាសះស្បើយ។

ទោះបីស្ថានភាពនៃវីរុសកូវីដ១៩ នៅក្នុងខេត្តព្រះវិហារ ពុំមានករណីឆ្លង ប៉ុន្តែគណៈកម្មការខេត្ត នៅតែបន្តយកចិត្តទុកដាក់ណែនាំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធីបង្ការ និងការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ និងមានមណ្ឌលចត្តាឡីស័កចំនួន៣កន្លែង៕