(បាត់ដំបង)៖ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនប្រមាណជា ១៧៥,៣៦៤នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ ដោយសាររងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ក្នុងនោះអតិថិជនចំនួន១៥២,៨០៨ នាក់ ឬជិត ៩០%នៃអតិថិជនដែលបានស្នើសុំ បានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួនប្រមាណជា ៦៥៦ លានដុល្លារ។

ទិន្នន័យចុងក្រោយនេះ ត្រូវបានបង្ហាញដោយ លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ខេត្ត ស្តីពី វិស័យធានាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ក្រោយប្រធានបទ «កិច្ចគាំពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩» រៀបចំដោយធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៥ និង២៦ ខែឧសភា ឆ្នាំ២០២០ ក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ដល់អាជាធរមូលដ្ខានអំពីការងារ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានសង្កត់ធ្ថន់ថា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួនចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ដែលរួមមានដូចជា ការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្រ្តគណនាអត្រាការប្រាក់ ការរៀបចំឥណទានឡើងវិញក្នុងអំឡុងពេលនៃការប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ការស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន ការបង្កើតប្រព័ន្ធទូរស័ព្ទសម្រាប់សាធារណជនទំនាក់ទំនងនៅពេលមានបញ្ហា ឬមានចម្ងល់ពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ និងការអនុវត្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាដើម ។

ជាការឆ្លើយតប លោក គា បូរាណ ក៏បានបន្ថែមថា សមាជិករបស់សមាគមទាំង១០៣គ្រឹះស្ថាន បានបង្ហាញការប្តេជ្ញាចិត្ត នឹងដោះស្រាយបញ្ហាជាមួយអតិថិជនរបស់ខ្លួន ប្រកបដោយភាពទន់ភ្លន់ និងឈ្នះ-ឈ្នះ ក្នុងអំឡុងពេលដ៏លំបាកដោយសារជំងឺកូវីដ១៩ ស្របតាមការអំពាវនាវរបស់
រាជរដ្ឋាភិបាល ក៏ដូចជាធនាគារជាតិនៃកម្ពុជាផងដែរ។ គ្រឹះស្ថានហិរញ្ញវត្ថុ មានទិសដៅរួមមួយ គឺចង់ឃើញអតិថិជនរបស់ខ្លួនទទួលជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ឋភាព «ភាពជោគជ័យរបស់អតិថិជន ជាភាពជោគជ័យរបស់គ្រឹះស្ថាន»។

 សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យរបស់ខ្លួន តាមរយៈការជួយឲ្យប្រជាជនកម្ពុជា ចំនួនជាង២.១លាននាក់ និងមានឥណទានសរុប ជាង៣០ ទ្រីលានរៀល (៧.៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានចំនួនជាង២.៨លាននាក់ និងមានប្រាក់បញ្ញើសរុបជាង ១៥ ទ្រីលានរៀល (៣.៧ប៊ីលានដុល្លា) ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែបនិងទាន់ពេលវេលា តាមរយៈប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈការិយាល័យតំណាងចំនួនប្រមាណ១,៤៤៨ កន្លែង និងមានបុគ្គលិកបម្រើការងារសរុបប្រមាណ ៣៦,០៨៩ នាក់ នៅទូទាំង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា៕