(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសបានធ្វើឲ្យបទល្មើសទូទៅ ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះច្រើន។

ការកោតសរសើរនេះ បានធ្វើឡើងក្នុងឱកាសដែលោក និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំស្តីពីការប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែឧសភា និងទិសដៅការងារខែ មិថុនា ក៏ដូចជាការបូកសរុបការងារអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងទៀតថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ នៅតែអនុវត្តបន្តឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់អ្នក និងអ្នកដ៏ទៃ។ ជាកិច្ចបញ្ចប់ នាយឧត្តមសេនីយ៍ បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវមានភាពស្មោះត្រង់ គោរពវិន័យ ស្លៀកពាក់ឲ្យបានស្អាតសមជាកងកម្លាំង ក៏ដូចជាការកាត់សក់ខ្លីជាប្រចាំផងដែរ។

ឧត្តមសេនីយ៍ឯក ស ថេត ក៏បានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំរក្សា ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អ បទល្មើសជាច្រើនត្រូវបានបង្ក្រាប ហើយបទល្មើសមានការថយចុះច្រើន ជាពិសេសត្រូវផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានលឿន និងល្អបំផុត ហើយមន្ត្រីតាមការិយាល័យជំនាញ អធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់ត្រូវតែបើកទ្វារ ២៤ម៉ោង ដោយមានមន្ត្រីប្រចាំការជានិច្ច។ ជាពិសេស លោកស្នងការ បានណែនាំដល់តាមបណ្តាអង្គភាពទាំងអស់ ត្រូវតែធ្វើការត្រួតពិនិត្យកម្លាំងឲ្យបានជាប្រចាំ។

ម្យ៉ាងវិញទៀត ឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ថា ចំពោះមន្ត្រីណាដែលបាញ់បោះសេរីត្រូវតែចាប់ខ្លួនភ្លាមៗដើម្បីយកមកអនុវត្តមកច្បាប់។ ជាកិច្ចបញ្ចប់ លោកស្នងការបានណែនាំដល់មន្ត្រីទាំងអស់ ឲ្យគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ និងចូលរួមថែរក្សាសុខភាព ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩៕