(កណ្ដាល)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ទទួលបានជំនួយសប្បុរសធម៌ចំនួន ១ម៉ឺនដុល្លារពីលោកស្រី អ៊ាន សៀវម៉ី អគ្គនាយិការក្រុមហ៊ុន CASTLE E DIAMOND CO.,LTD និងជាម្ចាស់ Page SIVMEI Online shop ផលិតផលម៉ាក EI EI ដែលបានយកថវិកាជូនសាខាកាកបាទក្រហមកម្ពុជាដោយផ្ទាល់តែម្ដង នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០។

លោក គង់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានលើកឡើងថា «ទីណាមានទុក្ខលំបាក ទីនោះមានសាខាកាកបាទក្រហមកម្ពុជាចាំ​ជួយ​ពលរដ្ឋជានិច្ច» ខណៈដែលជំនួយជាថវិកាទាំងនេះ លោកក៏បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ល្អប្រពៃដែលអ្នកស្រីបានដឹងពីសុខទុក្ខ និងជួយជ្រោមជ្រែងតាមលទ្ធភាព ដែលនេះកាយវិកាមនុស្សធម៌ដ៍ល្អប្រពៃ និងជាគម្រូល្អប្រសើរបំផុតមួយនៅក្នុងសង្គម។

លោក គង់ សោភ័ណ្ឌ បានថ្លែងបន្តថា ជំនួយថវិកានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នឹងទៅជួយដល់ជនងាយរងគ្រោះ ជនក្រីក្រ ចាស់ជរា ជនពិការជាដើម ដោយមិនរើសអើងពណ៌សម្បុរ ជាតិសាសន៍ សាសនា និន្នាការនយោបាយអ្វីឡើយ គឺថាជួយទាំងអស់គ្នា ជួយគ្រប់ជនរងគ្រោះទាំងអស់។

ទន្ទឹមនឹងសារនេះផងដែរ លោកស្រី អ៊ាន សៀវម៉ី បានអរគុណសន្តិភាព អរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំស្រុកទេសយើងឱ្យមានសន្តិភាព ហើយកត្តាសន្តិភាពនេះហើយ នាំឱ្យមានការរីកចំរើនសេដ្ឋកិច្ច រីកចំរើនលើគ្រប់វិស័យ ពលរដ្ឋកាន់តែមានជីវភាពធូរធាឡើងៗ។ អ្នកស្រីលើកឡើងថា នេះជាស្នាដៃដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកស្រីបន្តថា នេះជាទឹកចិត្តចែករម្លែកដែលបានមកពីផលចំនេញលក់ផលិតផលតិចតួច យកមកជួយដល់ជនងាយរងគ្រោះ ជនក្រីក្រ ចាស់ជរា ជនពិការ ជាដើម ដែលនេះសបញ្ជាក់ឱ្យឃើញពីតម្លៃសន្តិភាព តម្លៃរបស់កាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ យកចិត្តទុកដាក់ ជួយដល់ពលរដ្ឋខ្មែរដែលរងគ្រោះ ដោយមិនគិតពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនាអ្វីឡើយ ដែលកាយវិការនេះពិតជាមហាល្អប្រសើរខ្លាំងណាស់ ដែលញ៉ាំងឱ្យលោកស្រីមានចិត្តរំភើប ដោយបានឃើញខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរយ៉ាងដូច្នេះ។

លោកស្រីអគ្គនាយិការ ក៏បានអំពាវនាវដល់បណ្ដាសប្បុរសជននានាទាំងក្នុង និងក្រៅស្រុកទាំងអស់បមេត្តាបើកចិត្ត ចែករម្លែកជាថវិកាក្ដីសម្ភារក្ដីតាមសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីបានជួយដល់ជនរងគ្រោះ ជនចាស់ជរា ជនក្រីក្រ យកបុណ្យទាំងអស់ ដែលសាកសមជាអ្នកស្រលាញ់សន្តិភាព សាកសមជាខ្មែរស្រលាញ់ខ្មែរយ៉ាងពិតប្រាដ៕