(ភ្នំពេញ)៖ មួយរយៈពេលនេះ គេបានឃើញកម្លាំងអាជ្ញាធរ ខណ្ឌទួលគោក ម្តងដឹកនាំដោយលោក ប៉ាង លីដា និងម្តងដឹកនាំដោយលោក សាំង សុភក្រ្តវិចិត្រ បានចុះទៅបង្ក្រាប ទីតាំងហ្គេមបាញ់ត្រី ជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលនាំឲ្យមហាជន មានការកោតសរសើរយ៉ាងខ្លាំង ពីព្រោះចំណាត់ការ នេះនឹងជួយបង្កើនបញ្ហាសន្តិសុខ តាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ ជាពិសេសបទល្មើសផ្សេងៗ និងគ្រឿងញៀនជាដើម ដែលកើតចេញពីតាំងហ្គេមទាំងនេះ។

ប៉ុន្តែចំណាត់ការនេះ ក៏ត្រូវបានជនមួយចំនួន ដឹងរឿងខ្លះៗ បានលើកឡើងថា ការចុះបង្ក្រាបបានធ្វើឡើង​ នៅតែកន្លែងតូចៗ និងគ្មានខ្សែ ប៉ុន្តែកន្លែងធំៗ នៅម្តុំផ្សារនាគមាស ខាងអាជ្ញាធរមិនទាន់មានវិធានការនោះឡើយ។

សូមបញ្ជាក់ថា កាលពីយប់មិញ គណៈបញ្ជាការឯកភាព ខណ្ឌទួលគោក ដឹកនាំដោយលោក សាំង សុភក្រ្តវិចិត្រ អភិបាលរងខណ្ឌ បានចុះបង្រ្កាបល្បែង ហ្គេមបាញ់ត្រីមួយកន្លែង ក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ជាលិទ្ធផលដកហូតទូហ្គេមបាញ់ត្រី ចំនួន២០ទូរ ក្នុងនោះមានទូហ្គេមបៀរ១៨ទូរ ទូរហ្គេមបាញ់ត្រី២ទូ បញ្ចូនទៅសាលាខណ្ឌទួលគោក៕