(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានប្រគល់ថវិកាចំនួន១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកិត្តិយស។

ពិធីជួបសវនការ ​និងប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានមូលនិធិ និងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងគណៈប្រតិភូជាច្រើននាក់ទៀតនៃមន្ទីរពេទ្យគន្ធបុប្ផា ។

លោកស្រី អាន្នី សុខអាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលតែងតែផ្ដល់សេវាពិនិត្យព្យាបាល និងលើកកម្ពស់សុខុមាលកុមារកម្ពុជាកន្លងមក។

ក្នុងឱកាសនោះ លោកស្រី អាន្នី សុខអាន ក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់គណៈប្រតិភូរបស់មូលនិធិគន្ធបុប្ផា ហើយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត សង្ឃឹមថា មូលនិធិគន្ធបុប្ផា នឹងបន្ដនិរន្ដភាពរបស់ខ្លួន ប្រកបដោយភាពជោគជ័យ។

លើសពីនោះ លោកស្រីក៏បានគូសបញ្ជាក់ពីទស្សនៈវិស័យរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលឈរទៅលើវប្បធម៌នៃការចែករំលែក ហើយថវិកា១លានដុល្លារនេះ គឺបានមកពីការកៀរគរថវិកាពីសប្បុរសជន ក្នុងឱកាសខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់ លោក តាំង សាមឿន លេខាធិការសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកស្រី អាន្នី សុខអាន បានថ្លែងបន្ដទៀតថា កាកបាទក្រហមកម្ពុជា នៅតែបន្ដជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ប្រើប្រាស់សម្រាប់សង្រ្គោះជីវិតកុមារកម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ រួមទាំងការប្រយុទ្ធនឹងជំងឺកូវីដ១៩ជាដើម។

សព្វថ្ងៃនេះ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេស បាននាំយកសម្ភារបរិក្ខារពេទ្យ និងស្បៀងអាហារមួយចំនួន ដែលទទួលបានពីសប្បុរសជន ចែកជូន និងបែងចែងដល់សាខាកាកបាទក្រហមកម្ពុជាទូទាំងប្រទេស ដើម្បីបន្ដជួយដល់ប្រជាជននៅតាមសហគមន៍ ក្រៅពីការចុះអប់រំផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមសារណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រី អាន្នី សុខអាន បានថ្លែងបន្ដថា បច្ចុប្បន្ននេះ ក្រៅពីជំងឺកូវីដ១៩នេះ ប្រជាជនក៏កំពុងទទួលរងគ្រោះមហន្ដរាយធម្មជាតិ ដោយសារខ្យល់កន្ដ្រាក់ អគ្គីភ័យ ដូច្នេះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្ដចាត់ឱ្យសហការី ចុះទៅសួរសុខទុក្ខ និងផ្ដល់នូវអំណោយជាស្បៀងអាហារឧបភោគ-បរិភោគ និងថវិកាមួយចំនួនផងដែរ ដើម្បីសម្រាលនូវការលំបាករបស់ប្រជាជនឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវប្បធម៌ចែករំលែកយ៉ាងពិសេសនេះ របស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការបន្ដផ្ដល់ជូនថវិកា១លានដុល្លារ ដល់មូលនិធិគន្ធបុប្ផា។

នេះជាលើកទី៣ផងដែរ ដែលទទួលបាន នឹងបន្ដចែកជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ហើយក៏ជាលើកទី៩ ដែលមន្ទីរពេទ្យនេះ បានទទួលថវិកាពីកាកបាទក្រហមកម្ពុជា សម្រាប់យកទៅប្រើប្រាស់ជាចាំបាច់សង្គ្រោះជីវិតកុមារកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា មូលនិធិដែលលោកទទួលបាន ពីកាកបាទក្រហមកម្ពុជា ចំនួន១លានដុល្លារនេះ លោកសន្យាថា លោកនឹងរៀបចំមូលនិធិនេះ ទៅតាមតម្រូវការរបស់មន្ទីរពេទ្យគន្ធបុប្ផា ពិសេស គឺធានាបាននូវនិរន្ដភាពនៃមន្ទីរពេទ្យមួយនេះផងដែរ ។

គួរបញ្ជាក់ផងដែរ ក្នុងឱកាសនោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានប្រគល់ថវិកា ចំនួន ១លានដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗផងដែរ ៕