(បាត់ដំបង)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមកាងារទំនាក់ទំនងក្រុមការងារពលករប្រចាំខេត្តបាត់ដំបង និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល បានចុះផ្សព្វផ្សាយនិងក្រើនរំលឹកប្រជាពលរដ្ឋ ពិសេសប្រជាពលករ៨០គ្រួសារដែលទើបត្រឡប់មកពីប្រទេសថៃ ឲ្យបន្តប្រុងប្រយ័ត្ន និងការពារខ្លួនពីវីរុសកូវីដ COVID-19 ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយកុំមានការធ្វេសប្រហែសឡើយ ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងឃុំបន្សាយត្រែង និងឃុំជ្រោយផ្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជាមួយនឹងការជម្រាបជូនថា កម្ពុជាទើបនឹងរកឃើញមានការឆ្លងវីរុសកូវីដ COVID-19 ថ្មីចំនួន២ករណី ឯកឧត្តម ឈាង វុន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវភ្លេចខ្លួនពីជំងឺដ៏កាចសាហាវនៃវីរុសកូវីដ១៩ (COVID-19) នោះទេ គឺត្រូវបន្តប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ពិសេសត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ការលាងសម្អាតដៃដោយសាប៊ូ ឬទឹកអាល់កុល ឱ្យបានញឹកញាប់ជាប្រចាំ ដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាល នៃវីរុសកូវីដ១៩ (COVID-19) មកលើខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍។

លោកក៏បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចជាកាលទោះបីជាសម្តេចទាំងបួនរវល់ក្តី សម្តេចតែងតែផ្តាំផ្ញើរ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។

លោក ឈាង វុន បានមានប្រសាសន៍លើកឡើងពីគុណតម្លៃនៃកម្មវិធីគោលនយោបាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា និងនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ និងឯកភាពជាតិ។

ក្នុងឱកាសនោះដែរ លោក ក៏បាននាំយកអំណោយមួយចំនួនចែកជូនប្រជាពលករផងដែរ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ត្រីខ៦កំប៉ុង មីមួយកេះ និងថវិកាមូយចំនួនទៀត៕