(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលក្រុងក្រចេះ ក្រោមការបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត និងស្ថិតក្រោមការសម្របសម្រួលនីតិវិធីដោយលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន២ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមនឹងគ្រឿងញៀនចំនួន១៥កញ្ចប់ (ជិត៤ខាំ) នៅសង្កាត់ក្រចេះ ក្រុងក្រចេះ។

លោក ស៊ាង សុភ័ក្រ នាយការិយាល័យប្រឆាំងគ្រឿង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះ បានឱ្យយដឹង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា ប្រតិបត្តការបង្រ្កាបបទល្មើសគ្រឿងញៀ ២ករណីផ្សេងគ្នា កាលពីថ្ងៃទី២៤ ខែឧសភាម្សិលមិញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់ នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ។

ជនសង្ស័យមានឈ្មាះ អ៊ុន ធា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្ត្រីគ្រឿងញៀនខេត្តរូបនេះ បានបន្តថា ដោយឡែកនៅថ្ងៃទី២៥ ខែឧសភានេះ កម្លាំងរបស់លោកបន្តចុះបង្រ្កាបជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ វ៉ាត វិចទ័រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ១១កញ្ចប់ (ធំ ៣កញ្ចប់ និងតូច ៨កញ្ចប់)។

បច្ចប្បន្នជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕