(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា បើទោះបីជាជំងឆ្លងកូវីត១៩ បានគំរាមកំហែងខ្លាំងក្លាយ៉ាងណាក៏ដោយ ក៏ក្នុងរយៈពេល៤ខែឆ្នាំ២០២០នេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានប្រព្រឹតិ្តទៅដោយរលូន និងបានទទួលលទ្ធផលគួរជាទីមោទនៈ។

លោកអគ្គនាយកបានបញ្ជាក់ថា ជាលទ្ធផលនៅរយៈពេល៤ខែដំបូងឆ្នាំនេះ អង្គភាពស៊ីម៉ាក់ បានបោសសម្អាតផ្ទៃដីចំការមីន និងចំការគ្រាប់បាន ប្រមាណជិត៣០គីឡូម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទជិត១.៤ម៉ឺនគ្រាប់ និងឆ្លើយតបសំណើសុំអន្តរាគមន៍ បន្ទាន់បានចំនួន១,១៨៤ករណី។

លោកបន្តថា សម្រាប់លទ្ធផលការងារអប់រំយល់ដឹងពីមីន បានធ្វើការចុះណែនាំចំនួន៦,០៣០លើក មានអ្នកចូលរួមសរុប៥៣៧,៨៤៥នាក់ ហើយការស្រាវជ្រាវពត៌មានចំការមីន/គ្រាប់ និងការងារហ្វឹកហ្វឺនក៏សំរេចបានលទ្ធផលគួរឱ្យកត់សំគាល់ផងដែរ។ បើប្រៀបធៀបលទ្ធផលនេះ ជាមួយផែនការប្រចាំឆ្នាំ២០២០ ឃើញថាអង្គភាពសម្រេចបានប្រមាណ៣៥% នៃផែនការហើយ។

ផែនការបន្ត គឺសំដៅសំរេចផែនការសរុបមានចំនួនជាង៨១គីឡីម៉ែត្រក្រឡា ហើយបើលទ្ធភាពពង្រីកកំលាំងអាចដំណើរទាន់ពេលវេលា នឹងសំរេចបាន១១២គីឡូម៉ែត្រក្រឡា៕