(បាត់ដំបង)៖ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងសហការីបាននាំអំណោយជាស្បៀងអាហាររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ យកទៅចែកជូនជនក្រីក្រចំនួន ៥០គ្រួសារ នៅឃុំរកា ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

លោក ងួន រតនៈ បានឱ្យដឹងថា ថ្មីៗនេះដោយសារមានជំងឺ Covide-19 បានឆ្លងរីករាលដាលនៅលើពិភពលោក រីឯនៅប្រទេសកម្ពុជា ក៏មានឆ្លងនាំចូលពីក្រៅប្រទេស ដែលកធ្វើឱ្យប៉ះពាល់ សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានគ្រប់ទីកន្លែងផងដែរ។

លោក ងួន រតនៈ បានបញ្ជាក់ថា ដោយមានបញ្ហាប៉ះពាល់ជីវភាពរស់នៅនេះហើយ ទើបសម្តេចក្រឡាហោម ស ខេង បានប្រគល់ស្បៀងមួយចំនួនឱ្យរដ្ឋបាលខេត្តទុក សម្រាប់ចែកជូនដល់ជនក្រីក្រ ខ្លាំងចាំបាច់បំផុត សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលមានការខ្វះខាតខ្លាំងបំផុត។

អំណោយដែលបានចែកជូននាពេលនេះ ទោះជាមានបន្តិចបន្តួចពិតមែន តែវាចាំបាច់ខ្លាំងសម្រាប់ជួយអ្នកក្រីក្រនេះ ហើយអំណោយដែលបានចែកជូនទាំង ៥០គ្រួសារ នាពេលនេះ ដោយក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម សាប៊ូ ២ដុំ មី ១កែស ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំង ៥០គ្រួសារ ឱ្យសម្អាតអនាម័យជាប្រចាំលាដៃជាមួយសាប៊ូ ទឹកអាល់កុល ពាក់ម៉ាសជាប្រចាំពេលចេញទៅក្រៅផ្ទះ និងកុំប្រមូលផ្តុំគ្នាច្រើន បើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរោគ COVID-19 រលកទី២នេះឆ្លងបន្តទៀត ក្នុងមូលដ្ឋានភូមិ-ឃុំ ដើម្បីសុខភាពយើងទាំងអស់គ្នា៕