(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានចេញមកទាត់ចោលព័ត៌មានរបស់វិទ្យុអាស៉ីសេរី ដែលបានផ្សព្វផ្សាយថា ស្ថានទូតមិនបានជួយសម្របសម្រួល ដល់អ្នកដំណើរជនជាតិកម្ពុជា ដែលបានខកដំណើរនៅម៉ាឡេស៉ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។

សេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងថា ដោយមានការផ្សាយនូវព័ត៌មានគ្មានមូលដ្ឋានរបស់វិទ្យុអាស៉ីសេរី ដដែលៗតាមរយៈការផ្តល់សម្ភាសន៍ជាមួយឈ្មោះ ម៉ាន ពូក្រី ដោយបានចោទប្រកាន់ថា ស្ថានទូតមិនបានជួយសម្របសម្រួលឱ្យអ្នកដំណើរ ដែលបានខកដំណើរកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ត្រឡប់ទៅកម្ពុជាវិញ ស្ថានទូតសូមធ្វើការបំភ្លឺជូនដូចតទៅ៖

* បន្ទាប់ពីមានគោលការណ៍របស់រាជរដ្ឋាភិបាល អនុញ្ញាតឱ្យអ្នកដំណើរខាងលើអាចវិលត្រឡប់ទៅកម្ពុជាវិញ ស្ថានទូតបានធ្វើកំណត់ទូតស្នើសុំទៅក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី (Malaysian Airlines) ដើម្បីដឹកពួកគាត់ទៅកម្ពុជា ក្នុងអំឡុងពេលដែលជើងហោះហើរពាណិជ្ជកម្មទាំងអស់រវាងម៉ាឡេស៉ី-កម្ពុជា បានផ្អាកជាបណ្ដោះអាសន្ន។ លើសពីនេះ ស្ថានទូតបានស្នើសុំក្រុមហ៊ុន កុំឱ្យបន្ថែមតម្លៃសំបុត្រ ក្នុងករណីក្រុមហ៊ុនអាចរៀបចំជើងហោះហើរក្នុងអំឡុងពេលនេះបាន។ ជាមួយគ្នានេះ ស្ថានទូតក៏បានស្នើសុំទៅក្រសួងការបរទេសម៉ាឡេស៉ី ដើម្បីផ្តល់ការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី អាចរៀបចំជើងហោះហើរក្នុងអំឡុងពេលដែលបទបញ្ជារឹតបន្តឹងការធ្វើដំណើរ របស់រដ្ឋាភិបាលម៉ាឡេស៉ីកំពុងនៅជាធរមាន។ ស្ថានទូតតែងតែតាមដានជាប់ជាប្រចាំនូវកិច្ចការនេះ ក៏ប៉ុន្តែពុំទាន់មានការឆ្លើយតបពីក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ីនៅឡើយទេ ហើយកាលបរិច្ឆេទថា ត្រូវត្រឡប់ទៅវិញបាននៅពេលណា វាអាស្រ័យទៅលើការរៀបចំរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី។

* បន្ថែមលើនេះ ការតម្រូវឱ្យអ្នកដំណើរទាំងអស់ទាំងជនបរទេស និងជនជាតិខ្មែរត្រូវមានលិខិតបញ្ជាក់សុខភាពថា គ្មានឆ្លងមេរោគកូវីដ១៩ រយៈពេល ៧២ម៉ោង មុនកាលបរិច្ឆេទ ទៅដល់ប្រទេសកម្ពុជា គឺជាលក្ខខណ្ឌកំណត់ដោយគណៈកម្មការអន្តរក្រសួងប្រយុទ្ធ នឹងជំងឺកូវីដ១៩របស់កម្ពុជា។ ស្ថានទូតបាននិងកំពុងធ្វើការសម្ភាសន៍ជាមួយអ្នកដំណើរ ខាងលើម្នាក់ម្ដងៗ ដើម្បីកំណត់អត្តសញ្ញាណ និងស្ថានភាពរបស់អ្នកទាំងនោះ និងរិះរកមធ្យោបាយជួយសម្រាលបន្ទុករបស់ពួកគេនៅពេលណាដែលក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៉ីជូនដំណឹងមកស្ថានទូត។ ដូច្នេះពួកគាត់ទាំងអស់ត្រូវផ្តល់កិច្ចសហការឱ្យបានពេញលេញក្នុងការផ្តល់ព័ត៌មានមកឱ្យមន្ត្រីស្ថានទូតដើម្បីធ្វើការងារបន្ត។

* ស្ថានទូតបានបង្កើតក្រុម WhatsApp ដើម្បីធ្វើទំនាក់ទំនងផ្ទាល់ជាមួយពួកគាត់ និងបានពន្យល់អំពីអ្វីដែលយើងកំពុងខិតខំធ្វើ ហើយឱ្យពួកគាត់អត់ធ្មត់រង់ចាំចម្លើយពីក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៉ី និងនីតិវិធីបន្តបន្ទាប់។ ចំពោះអ្នកខ្វះខាតពិតប្រាកដ ស្ថានទូតបានផ្តល់ជូនជាស្បៀងអាហារតាមសំណូមពរជាក់ស្តែងរបស់ពួកគាត់ ដោយគ្មានការរើសអើងនោះទេ ដូចអ្វីដែលស្ថានទូតបាននិងកំពុងផ្តល់ការគាំពារជូនប្រជាពលរដ្ឋកម្ពុជាផ្សេងទៀតនៅទូទាំងប្រទេសម៉ាឡេស៉ី។ ក៏ប៉ុន្តែ ក្នុងខណៈដែលពួកគាត់ភាគច្រើន បានយល់ច្បាស់អំពីការខិតខំរបស់ស្ថានទូតក្នុងកិច្ចការសម្របសម្រួលនេះ មានបុគ្គលពីរបីនាក់ ជាពិសេសឈ្មោះ ម៉ាន ពូក្រី នៅតែផ្តល់ព័ត៌មានមិនពិតឱ្យវិទ្យុបរទេសមួយនេះ ផ្សព្វផ្សាយព័ត៌មានញុះញង់ និងវាយប្រហារមកលើស្ថានទូត ធ្វើឱ្យសាធារណជនយល់ ច្រឡំមកលើស្ថានទូត និងរាជរដ្ឋាភិបាលកម្ពុជា ថាមិនបានផ្តល់ការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ។

* ស្ថានទូតមិនយល់ថាតើឈ្មោះ ម៉ាន ពូកី្រ មានបំណងចង់វិលត្រឡប់ទៅកម្ពុជាវិញ ពិតប្រាកដ ឬមានចេតនាផ្សេងទៀត? ដូច្នេះស្ថានទូតសូមអញ្ជើញលោកមកកាន់ស្ថានទូត ដើម្បីធ្វើការបំភ្លឺចំពោះការចោទប្រកាន់នានាមកលើស្ថានទូត។

* ចំពោះលោកស្រី ម៉ាត់ តោសរី ដែលមានផ្ទៃពោះ៨ខែ កំពុងស្នាក់នៅក្នុងរដ្ឋចូហូ (Johor) ស្ថានទូតបានពន្យល់គាត់សព្វគ្រប់ហើយថា គាត់ពុំអាចធ្វើដំណើរវិលត្រឡប់ទៅកម្ពុជា ក្នុងអំឡុងពេលនេះបានទេ ទោះបីជាមានជើងហោះហើរក៏ដោយ។ ស្ថានទូតបានត្រៀមឱ្យអ្នកស្ម័គ្រចិត្តនៅតំបន់នោះដើម្បីនាំគាត់ទៅពិនិត្យផ្ទៃពោះ និងរកមន្ទីរពេទ្យសម្រាប់ការសម្រាលកូន ហើយក៏បានត្រៀមរៀបចំឯកសារច្បាប់ពាក់ព័ន្ធជូនគាត់ រហូតដល់គាត់អាចធ្វើដំណើរវិលទៅកម្ពុជាវិញនៅពេលសម្រាលកូនរួច។ កន្លងមកស្ថានទូតបានជួយឧបត្ថម្ភជាស្បៀងអាហារ និងថិវិកាមួយចំនួនដល់គាត់ ហើយតាមរយៈភ្នាក់ងារស្ម័គ្រចិត្តរបស់ស្ថានទូត លោកស្រីក៏បានទទួលថវិកាមួយចំនួនទៀតផងដែរពីសប្បុរសជននានា។

* ការផ្សាយព័ត៌មានរបស់វិទ្យុអាស៉ីសេរីថា មានអ្នកខកដំណើរខ្លះដល់ថ្នាក់ដើរសុំទានគេ គឺជាការផ្សាយបំភ្លើស និងមួលបង្កាច់សុទ្ធសាធ មានចេតនាធ្វើឱ្យសាធារណជន មានទស្សនៈអវិជ្ជមានមកលើរាជរដ្ឋាភិបាល និងស្ថានទូត។ មកទល់នឹងពេលនេះ ស្ថានទូតបានចែកជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតជាក់ស្តែង ដោយគ្មានការរើសអើងបានចំនួនជាង ១.៦០០គ្រួសារ/នាក់ នៅទូទាំងប្រទេសម៉ាឡេស៉ី ដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូត ដោយមានកិច្ចសហការពីអង្គការ ក្រៅរដ្ឋាភិបាល និងសប្បុរសជននៅក្នុងប្រទេសម៉ាឡេស៉ី៕