(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឲ្យដឹងថា ក្នុងអំឡុងពេលកកើតមាននៃជំងឺកូវីដ១៩ សន្ទុះនៃការចិញ្ចឹមសត្វ និងដាំបន្លែរបស់ប្រជាកសិករ មានការកើនឡើងគួរឲ្យកត់សំគាល់។

លោកអគ្គនាយកបានបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីផ្ទុះឡើងនៃជំងឺកូវីដ១៩ឃើញថា កសិករមានសន្ទុះច្រើន ក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ ក្នុងនោះពួកគាត់ច្រើនតែស្នើសុំទៅលើ ការចិញ្ចឹមត្រី, ចិញ្ចឹមជ្រូក និងចិញ្ចឹមមាន់, ការដាំដុះបន្លែស្ថិតនៅលេខរៀងទី៤ ហើយនឹងការកែច្នៃជាច្រើន ឃើញថាប្រជាពលរដ្ឋមានការផុសផុល ក្នុងការធ្វើការងារខាងលើនេះ»។

ការឲ្យដឹងបែបនេះរបស់លោក កៅ ថាច ធ្វើឡើងក្នុងកិច្ចសម្ភាសប្រចាំសប្ដាហ៍ របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទ «ដំណើរការផ្ដល់ឥណទានការប្រាក់ទាប នៃកញ្ចប់ថវិកា៥០លានដុល្លារ របស់រាជរដ្ឋាភិបាលកម្ពុជា»

លោកបានបន្ដថា នៅពេលប្រជាកសិករសម្រុក ក្នុងការដាំដុះ និងចិញ្ចឹមសត្វច្រើនដូច្នេះ យើងក៏មានការព្រួយបារម្ភខ្លះៗ ចំពោះបញ្ហាទីផ្សារ ក្នុងនោះការចិញ្ចឹមសត្វរបស់កសិករច្រើនតែជាប្រភេទគ្រួសារ ប៉ុន្ដែបើចិញ្ចឹមកាន់តែធំ តម្លៃនៃការចិញ្ចឹមចុះថោក។ ប៉ុន្ដែបើចិញ្ចឹមជាលក្ខណៈគ្រួសារ តម្លៃនៃការចិញ្ចឹមខ្ពស់ ការលក់លើទីផ្សារក៏ខ្ពស់ជាងការនាំចូល នេះជាក្ដីបារម្ភចំពោះបញ្ហាទីផ្សារ ប៉ុន្ដែបើមើលតម្រូវការទៅលើផ្នែកបន្លែ, សាច់ កម្ពុជាមានតម្រូវការច្រើន។

លោកបញ្ជាក់ថា ក្នុងរដូវកាលកូវីដនេះ ជាឱកាសមួយល្អ សម្រាប់កសិករក្នុងការពង្រឹងខ្លួនឯង ចិញ្ចឹមឲ្យបានថោក លក់ចេញក្នុងស្រុកឲ្យបានច្រើន ទាំងនេះក៏ជាការលើកកម្ពស់ខ្លួនឯង និងជាឱកាសល្អមែនទែន។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យស្រូវអង្ករ ដែលមានតម្រូវការឥណទាន សម្រាប់ពង្រីកអាជីវកម្ម ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៧៧ ៧៥៩ ១៥៩, ០១២ ៧០ ៦៦ ៣៦, ០៨៩ ៨១ ១១ ៤៨៕