(ភ្នំពេញ)៖ លោក អ៉ឹម វុត្ថា សមាជិក និងជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា ស្របតាមតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលទើបចេញផ្សាយនៅពេលថ្មីៗនេះ, និយ័តករទូរគមនាគមន៍កម្ពុជា បានធ្វើការកំណត់យកលេខកូដរួមមួយ គឺលេខ១២០០ ដែលអាចអនុញ្ញាតឲ្យអតិថិជន ឬអ្នកប្រើប្រាស់កញ្ចប់សេវាទូរស័ព្ទចល័តគ្រប់ប្រព័ន្ធ ដើម្បីធ្វើការកាត់ផ្តាច់កញ្ជប់សេវាណាមួយដែលខ្លួនគិត ឬសង្ស័យថាជាកញ្ចប់សេវាដែលបណ្តាប្រតិបត្តិករដាក់ឲ្យដោយមិនដឹងខ្លួន នៅពេលលេខនេះដំណើរការជាផ្លូវការ។

លោកបន្តថា ការដាក់ឲ្យដំណើរលេខកូដរួមខាងលើនេះ និយ័តករទូរគមនាគមន៍កម្ពុជា បាននិងកំពុងធ្វើការជាមួយបណ្តាប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ នឹងអាចធ្វើឲ្យសម្រេចនៅក្នុងខែមិថុនា ខាងមុខនេះ។

លោកថា «លេខកូដរួមនេះ នឹងជាប្រយោជន៍ជួយដោះស្រាយ កុំឲ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យគ្នារវាងអ្នកផ្តល់សេវា និងអ្នកប្រើប្រាស់»

អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ក្រោយពីកាត់ផ្តាច់ទៅលើកញ្ចប់សេវាណាមួយ ដែលអ្នកប្រើប្រាស់គិតថា មិនសមស្រប និងមន្ទិលសង្ស័យថា មានកញ្ចប់សេវាណាដែលប្រតិបត្តិករ ចេះតែដាក់ឲ្យពួកគាត់មិនឲ្យដឹងហើយពួកគាត់អាចធ្វើការភ្ជាប់ឡើងវិញ នូវសេវាណាដែលគាត់ចង់ប្រើប្រាស់។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់និយ័តករទូរគមនាគមន៍កម្ពុជា សូមអំពាវនាវដល់ប្រតិបត្តិករទូរស័ព្ទទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវ ក្នុងការផ្តល់សេវាទូរគមនាគមន៍ ស្របតាមខ្លឹមសារបញ្ញត្តិដោយច្បាប់ ស្តីពីទូរគមនាគមន៍ និងបទប្បញ្ញត្តិជាធរមាន និងសូមអំពាវនាវផងដែរ ចំពោះអ្នកប្រើប្រាស់មុននឹងជាវ ឬភ្ជាប់គម្រោងកញ្ចប់សេវាណាមួយ ពីប្រតិបត្តិករផ្តល់សេវា ត្រូវពិនិត្យលក្ខខណ្ឌឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភ័ន្តច្រឡំជាយថាហេតុ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ ដោយសារមានការត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរសព្ទ ដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួចហើយ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ដោយចៀសវាងការ កាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានស្នើឲ្យអ្នកប្រើប្រាស់គួរយល់ដឹង អំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការ ប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ការផ្លាស់ប្តូរគម្រោង ការប្តូរលុយ សេវា Calltune សេវាឆ្នោត (Lottery) សេវាហោរាសាស្ដ្រ សេវាស្ដាប់ ចម្រៀង (Music) លទ្ធផលព័ត៌មានកីឡា (Sport) សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅចេញដោយ មិនបញ្ចេញលេខ (Private Number) ជាដើម។

ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ មុននឹងធ្វើការតភ្ជាប់សេវាកម្មណាមួយ គប្បីមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់៕