(ភ្នំពេញ)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសំណូមយ៉ាងទទូច សូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ផ្លាស់ប្តូរផ្នត់គំនិតបរទេសនិយម ដោយងាកមកគាំទ្រ និងទិញផលិតផលក្នុងស្រុក ដើម្បីជួយកសិករខ្មែរ ដែលជាផលិតផលមានប្រភពច្បាស់ អាចធានានូវសុខភាពល្អ។

ថ្លែងក្នុងកិច្ចសម្ភាសកម្មវិធីភ្ញៀវពិសេសប្រចាំសប្តាហ៍ លោក កៅ ថាច បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងពេលនេះ គឺជាឱកាសល្អសម្រាប់បងប្អូនពលរដ្ឋខ្មែរ បង្កបង្កើនផលក្នុងស្រុក ព្រោះថាផលិតផលក្នុងស្រុក គឺមិនចាញ់ផលិតផលក្រៅស្រុកទេ ហើយបងប្អូនពលរដ្ឋគួរតែប្តូរផ្នត់គំនិតបរទេសនិយម ថាផលិតផលបរទេសល្អជាងរបស់ខ្មែរអី ផលិតផលខ្មែរល្អច្រើន និងបានឆ្លងកាត់ការពិសោធន៍ច្បាស់លាស់ពីគុណភាព និងសុខភាពអ្នកប្រើប្រាស់ផងដែរ»

លោកបានថ្លែងថា លោកបានចុះទៅតាមសហគ្រាសធនតូចមួយចំនួន លើផ្នែកចំណីអាហារ ពិនិត្យឃើញថាផលិតផលខ្មែរល្អៗច្រើន ប៉ុន្តែដោយសារសហគ្រាសតូចមិនអាច មានលទ្ធភាពផ្សព្វផ្សាយបានទូលំទូលាយទើបខ្វះការគាំទ្រ ដូច្នេះលោកសូមឲ្យបងប្អូនប្រជាពលរដ្ឋ គាំទ្រផលិតផលខ្មែរ បើទោះបីជាផលិតផលខ្មែរមានតម្លៃថ្លៃជាងផលិតផលបរទេសបន្តិចមែន តែយើងអាចដឹងពីប្រភពច្បាស់ ហើយអាចជួយកសិករខ្មែរយើងផងដែរ។

ទន្ទឹមនឹងនេះលោក កៅ ថាច ក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករ ចាប់យកឱកាសមាស ក្នុងការពង្រឹង និងពង្រឹកនូវការដាំដុះ និងចិញ្ចឹមសត្វ ព្រោះថាសព្វថ្ងៃនេះប្រទសជិតខាងកម្ពុជា មានការដាំដុះប្រើប្រាស់សារជាតិគីមីច្រើន ដូច្នេះទោះបីប្រទេសនោះ ចង់ដាំដុះដោយផលិតផលសុខភាពវិញ ក៏អស់ឱកាសដែលគេមិនជឿដែរ តែសម្រាប់កម្ពុជាវិញ គឺឱកាសល្អយើងដាំដុះទៅតាមស្ដង់ដា របស់ក្រសួងកសិកម្ម ដែលអាចធានាបានដល់សុខភាពអ្នកប្រើប្រាស់ ហើយក៏អាចលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកបានផងដែរ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យដំណើរការកម្មវិធីហិរញ្ញប្បទានពិសេស៥០លានដុល្លារ ដោយការផ្ដល់ឥណទាន ដែលមានការប្រាក់ទាប គាំទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមផលិត និងម្ចាស់កសិដ្ឋានខ្នាតមធ្យម-ធំ សម្រាប់ការដំាដុះបន្លែ ផ្លែឈើ ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម ក្នុងគោលដៅរួមចំណែកក្នុងការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសនៅក្នុងស្ថានភាព ដែលរាជរដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩៕