(កោះកុង)៖ នាយឧត្តមសេនីយ៍ យន មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា ការស្ថាបនាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅលើទឹកដីខេត្តកោះកុង គឺជាមោទកភាពមួយ សម្រាប់ប្រជាជននៅទូទាំងខេត្ត និងការចូលរួមចំណែកទាក់ទាញភ្ញលៀវទេចរណ៍ជាតិ និងអន្តរជាតិនាពេលអនាគត។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ យន មីន បានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងសិក្ខាសាលាស្តីពី «ការរៀបចំសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ» នៅខេត្តកោះកុង។

នាយឧត្តមសេនីយ៍ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការស្ថាបនាសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ លើទឹកដីសុវណ្ណភូមិ លើភូមិសាស្រ្តខេត្តកោះកុង គឺជាមោនកភាពមួយ ដ៏អស្ចារ្យដែលរាជរដ្ឋាភិបាល តែងតែយកចិត្តទុក្ខដាក់ដល់យោធពលខេមរភូមិន្ទ និងធ្វើការគោរពវិញ្ញាណក្ខន្ធដល់បុព្វបុរសយើងដែលបានពលីជីវិត ដើម្បីបូរណភាពអាយុជីវិត ក្នុងការពារទឹកដីការពារជាតិមាតុភូមិដើម្បីប្រជាពលរដ្ឋ»

នាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ គឺជាតំណាងឱ្យការគោរពដ៏ខ្ពង់ខ្ពស់ដល់វីរបុរសខ្មែរដែលហ៊ានលះបង់អាយុជីវិត ដើម្បីទឹកដី និងប្រែក្លាយពីរបបវាលពិឃាដប្រែក្លាយមកជាប្រទេសអភិវឌ្ឍន៍រីកចម្រើនគ្រប់ផ្នែកវិស័យមានសេរីភាព មានធនធានមនុស្សគ្រប់គ្រាន់ដែលធ្វើឱ្យពិភពលោកទទួលស្គាល់ នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជានៅលើពិភពលោក និងលើឆាកអន្តរជាតិ។

នៅក្នុងពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ស្តូបនយោបាយឈ្នះឈ្នះនឹងកើតមាននៅលើទឹកដីខេត្តកោះកុង ស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨ នៅពេលឆាប់ៗនេះ ហើយនឹងចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមការឧបត្ថម្ភពីសប្បុរសជន។

សម្តេចពិជ័សេនា ទៀ បាញ់ បានបន្តថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ តាមគំរូប្លង់គោលមានឃឿន៤ ជ្រុងសរុប ៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ហើយទីធ្លា បរិវេនស្តូបអនុស្សាយ៍នយោបាយឈ្នះ ឈ្នះ មានទំហ៊ុធំទូលាយក្នុងការចតរថយន្ត និងការទេសចរណ៍កំសាន្តរបស់បងប្អូន។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីរំលឹកគុណដល់វីរបុរសជំនាន់មុនៗដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដីការពារមាតុភូមិប្រទេសជាតិ ក្នុងយុគ្គសម័យភ្លើងសង្រ្គាម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា យើងត្រូវថ្លែងអំណរគុណសន្តិភាពដែលក្រោមការដឹងនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលធ្វើឱ្យយកម្ពុជាយើងតាំងបាត់ដៃទទេរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ មានធនធានមនុស្ស និងធ្វើឱ្យប្រទេសលើពិភពលោកទទួលស្គាល់ទៀតផង។

ប្រទេសមានសន្តិភាពមានសេរីភាព ដូច្នេះយើងទាំងអស់គ្នាមិនអាចបំភ្លេចបានទេការតស៊ូដែលលះបង់អាយុជីវិតដើម្បីទឹកដីនោះទេ។ ដូច្នេះ ហើយទើបរាជរដ្ឋាភិបាលបានសាងសង់ស្តូប អនុស្សាវរីយ៍នយោបាយនេះឡើយ ដើម្បីរំលឹកគុណ ហើយស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ ក៏ជាកត្តាមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកកំសាន្តផងដែរ៕