(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ស្ពឺ មានពិធីប្រគល់-ទទួល ផែនទីបង្ហាញទីតាំងដី (ប្លង់ដី) ស្ថិតនៅភូមិដំបូករូង ឃុំទឹកល្អក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជូនដល់លោក Rainer Marin Wollny និងលោកស្រី នួន ច័ន្ទមករា ក្រោមអធិបតីរបស់លោក ដួង តារា អនុរដ្ឋលេខាធិការនៅទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងវត្តមានមន្រ្តីនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។

ពិធីប្រគល់ទទួលនៅព្រឹកនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តកំពង់ស្ពឺ ដែលបានចូលរួមអនុវត្តគោលនយោបាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យសំណុំរឿងវិវាទដីធ្លីទំហំ ១,១០១ ហិកតា រវាងលោក Rainer Marin Wollny និងលោកស្រី នួន ច័ន្ទមករា ត្រូវបានបញ្ចប់ជាស្ថាពរដែលភាគីទាំងពីរបានព្រមព្រៀងទទួលយកដោយសេចក្តីរីករាយ។

លោក វី សំណាង អភិបាល ខេត្តកំពង់ស្ពឺ បានថ្លែងសារអបអរសាទរចំពោះលទ្ធផលវិជ្ជមានដ៏ល្អប្រសើរនេះ និងបានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ជាតិសាសន៍ និងគ្រប់ស្រទាប់វណ្ណៈ។ លោកក៏បានថ្លែងអំណរគុណដល់លោក ដួង តារា ដែលបានមុះមុតក្នុងការចុះមកអនុវត្តគោលឈ្នះឈ្នះរបស់សម្តេចតេជោ រហូតទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់ ដោយមានការចូលរួមពីសំណាក់អាជា្ញធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់រួមទាំងស្ថាប័នតុលាការផង។

លោក សម្តែងនូវការត្រេកអរ ដែលលោក Rainer Marin Wollny និងលោកស្រី នួន ច័ន្ទមករា បានស្រុះស្រួលគ្នា ព្រមព្រៀងទទួលយកនូវគោលនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់វិវាទដ៏រុំារៃអស់ជាយូរឆ្នាំនេះ។ លោកអភិបាល បានណែនាំដល់មន្ត្រីថា្នក់ក្រោមឲ្យយកចិត្តទុកដាក់បម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានប្រកប ដោយប្រសិទ្ធិភាព និងមានតម្លាភាព។ ករណីដីធ្លីមួយនេះគឺជាគំរូដ៏ល្អមួយសម្រាប់ទៀតអនុវត្តតាម បន្ទាប់ពីករណីខេត្តកំពតនាពេលថ្មីៗនេះ។

លោក ដួង តារា បានគោរពថ្លែងអំណរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានផ្តល់ឱកាសឲ្យលោកបានចូលរួមដោះស្រាយវិវាទ និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋជនបរទេស និងអ្នកវិនិយោគស្លូតត្រង់ តាមគោលនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្តេច។ សម្តេចតេជោ នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មិនដែលត្អូញត្អែរពីការនឿយហត់ឡើយ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ។

លោក បានថ្លែងបន្ថែមថា ករណី លោក Rainer និងលោកស្រី នួន ច័ន្ទមករា គឺជាករណីដ៏ស្មុគស្មាញមួយដែលបានប្តឹងផ្តល់គ្នារហូតដល់ទៅ០៥សំណុំរឿង ចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ នៅមិនទាន់ចប់។ តែយើងបានអនុវត្តតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ យើងប្រើពេលវេលាត្រឹមតែ០១ថ្ងៃ ហើយទទួលបានលទ្ធផលជាផ្លែផ្កា និងជាទីគាប់ចិត្តរបស់ភាគីទាំងពីរ។ លោក បានបញ្ជាក់ថា ការអនុវត្តគោលនយោបាយឈ្នះឈ្នះនេះគឺធ្វើឡើងសមស្របតាមនីតិវិធីផ្សះផ្សារ ដូចមានចែងនៅក្នុងច្បាប់ ដោយមិនបានរំលោភបំពានលើអំណាចណាមួយឡើយ។ ការអនុវត្តគោនយោបាយឈ្នះឈ្នះនេះ គឺដើម្បីឈ្នះទាំងអស់គ្នា ទាំងគូភាគី ទាំងអាជ្ញាធរ និងតុលាការ។

លោកបានអំពាវនាវដល់ស្ថាប័នអនុវត្តច្បាប់ទាំងអស់ឲ្យចូលរួមដោះស្រាយបញ្ហានានា ជូនប្រជាពលឲ្យមានប្រសិទ្ធិភាពខ្ពស់ និងទាន់ពេលវេលា ជៀសវាងបាតុភាពតវ៉ានានាដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។ លទ្ធផលវិជ្ជមានដ៏ធំធេងនេះ ក៏បានមកពីការចូលរួមចំណែកយ៉ាងសកម្មពីអាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធនានាផងដែរ។ លោកបានថ្លែងអំណរគុណ កោតសរសើរ និងពេញចិត្តចំពោះកិច្ចខិតខំប្រឹងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ទន្ទឹមនឹងនោះ លោក Rainer បានថ្លែងអំណរគុណអស់ពីបេះដូងដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបាជួយដោះស្រាយបញ្ចប់បញ្ហាដីធ្លី តាមគោលនយោបាយឈ្នះឈ្នះរបស់ សម្តេច ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត និងប្រកបដោយប្រសិទ្ធិខ្ពស់ ហើយលោកបានប្តេជ្ញាចិត្តបន្តចូលរួមអភិវឌ្ឍន៍លើវិស័យកសិកម្មនៅក្នុងតំបន់ដំបូករូង និងរៀបចំអោយសាលារៀនមួយខ្នងដែលលោកបានបង្កើតដាក់ឲ្យដំណើរការដើម្បីឲ្យកុមារៗនៅក្នុងតំបន់នោះមានឱកាសបានចូលរៀនសូត្រ។

លោក Rainer បានអំពាវនាវឲ្យអ្នកវិនិយោគទុនបរទេស មកវិនិយោគនៅប្រទេសកម្ពុជាអោយបានច្រើនបន្ថែមទៀត ព្រោះថាអ្នកវិនិយោគនឹងមានសុវត្ថិភាពក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ។

លោកស្រី នួន ច័ន្ទមករា បានថ្លែងអំណរគុណដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ និងគិតគូពីសុខទុករបស់ប្រជាពលរដ្ឋ ជាពិសេសបានជួយរកយុត្តិធម៌ ឲ្យខ្លួននិងក្រុមគ្រួសារតាមរយៈគោលនយោបាយឈ្នះឈ្នះ ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត និងប្តេជ្ញាគោរពអនុវត្តតាមគោលនយោបាយឈ្នះឈ្នះនេះរហូតតទៅ។

លោកស្រី នួន ច័ន្ទមករា បានអះអាងថា ចំណែកដីចំនួន ៥០% ដែលខ្លួនបានទទួល លោកស្រីនឹងយកទៅបែងចែកឲ្យប្រជាពលរដ្ឋដែលបានទិញដីពីលោកស្រីនាពេលកន្លងមក «នាងខ្ញុំ មិនគេចវេសទៅណាទេ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋចំនួន ៣៨ គ្រួសារនោះ ទោះពួកគាត់ចង់បានជាដីក៏បាន ឬចង់បានជាលុយវិញក៏បាន»។ ករណីនេះមិនពាក់ព័ន្ធនឹងអ្នកដទៃទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំង ៣៨គ្រួសារទាក់ទងមកនាងខ្ញុំ ផ្ទាល់ដើម្បីបញ្ចប់បញ្ហានេះ៕