(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេញ្ជាការស្ដីទីអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការជាមួយការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ការិយាល័យផលិតកម្ម និងបសុព្យាបាល (ពេទ្យសត្វ) ក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីដឹកជញ្ជូនទំនិញខុសច្បាប់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅភូមិ-សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកទំនិញខុសច្បាប់មានដូចជា៖ ត្រចៀកជ្រូក, ថ្លើមជ្រូក, ពោះវៀនជ្រូក, ក្រពះជ្រូក និងខួរជ្រូក។

លោកអនុសេនីយ៍ឯក សរ សុភ័ក្ត្រា បានឱ្យដឹងថា ការចុះធ្វើប្រតិបត្តិការករណីខាងនេះ បានឃាត់ខ្លួនបានអ្នកបើកបររថយន្តចំនួន០២នាក់, រថយន្តចំនួន០២គ្រឿង និងទំនិញខុសច្បាប់សរុប ចំនួន១៦កេសស្នោរ ស្មើនឹងទម្ងន់៨៤០គីឡូក្រាម។

លោកបានបញ្ជាក់ទៀតថា រថយន្តត្រូវបានបង្ក្រាប រួមមាន៖

*ទី១៖ ម៉ាកតូយូតាស៉ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL.2355 បើកបរដោយឈ្មោះ រិទ្ធី យ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរឬស្សីទី១ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។
*ទី២៖ ម៉ាកហាយឡេនដឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2A.2728 បើកបរដោយឈ្មោះ វង្ស សុខម៉ានីន ហៅ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ។

បច្ចុប្បន្ន វត្ថុតាង និងអ្នកបើកបររថយន្តទាំង០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ឱ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធីហើយ៕