(ភ្នំពេញ)៖ ដើម្បីបន្ថែមទៅលើការការពារ ទប់ស្កាត់ ការរាតត្បាតពីការចម្លង វីរុសផ្លូវដង្ហើម COVID-19 ដែលកំពុងផ្ទុះឡើង និងវិវឌ្ឍយ៉ាងឆាប់រហ័សនៅលើសកលលោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅយប់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះមកពិនិត្យការងារ និងសុខភាពអ្នកដំណើរពីបណ្ដាប្រទេសផ្សេងៗត្រលប់មកកម្ពុជា តាមជើងហោះហើរពីសាធារណរដ្ឋកូរ៉េ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ដោយកន្លងមកយើងសង្កេតឃើញហើយថា រាល់អ្នកជំងឺកូវីដ១៩នៅកម្ពុជា សុទ្ធសឹងជាករណីនាំចូល ដូច្នេះយើងមិនបន្ធូរដៃឡើយ នៅតែបន្ដរឹងបន្ដឹងវិធានការការងារ ដល់មន្ដ្រីរបស់យើងគ្រប់លំដាប់ថ្នាក់ បន្ដយកចិត្ដទុកដាក់ខ្ពស់ក្នុងសកម្មភាពបង្ការជំងឺកូវីដ១៩នេះ»។

ជាក់ស្ដែងនៅយប់នេះមានជើងហោះហើរចំនួនពីរជើង ពីសាធារណរដ្ឋកូរ៉េ សរុបមានអ្នកដំណើរ១០០នាក់ មានជាជនជាតិខ្មែរ កូរ៉េ បារំាង អាមេរិក អ៉ីរ៉ាក់ ក្នុងនោះមន្ដ្រីរបស់យើងមិនអនុញ្ញាតឱ្យអ្នកដំណើរទាំងអស់នោះត្រលប់ទៅផ្ទះនោះទេ គឺត្រូវយករថយន្ដដឹកពួកគាត់ ទៅដាក់មណ្ឌលត្រួតពិនិត្យសុខភាព ស្ថិតនៅក្នុងទីតាំងទ័ពអាកាសកងយោធពលខេមរភូមិន្ទ និងមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកធ្វើតេស្ដរកកូវីដ១៩ ទាំងយប់។

រដ្ឋមន្ដ្រីថ្លែងបន្ដថា «មិនថាសម្រាប់តែជើងហោះហើរពីកូរ៉េនោះទេ គឺរាល់អ្នកដំណើរទាំងអស់ត្រលប់មកកម្ពុជា គឺត្រូវតែធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងធ្វើតេស្តកូវីដ១៩ ដើម្បីចៀសផុតពីហានិភ័យខ្ពស់នៃការរីករាលដាលនៃជំងឺកូវីដ១៩ចូលមកកម្ពុជាយើង។ ទោះលទ្ធផល ចេញមកអវិជ្ជមានក៏ដោយ ក៏តម្រូវឱ្យអ្នកដំណើរនោះ បន្ដទៅធ្វើចត្ដាឡីស័កដោយខ្លួនឯងនៅផ្ទះចំនួន១៤ថ្ងៃទៀតបន្ថែមផងដែរ»។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែបន្តការពារ និងប្រុងប្រយ័ត្នខ្ពស់ ទៅតាមការវិធានការការពារ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕