(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីក្រោមឱវាទនាំអំណោយចែកជូនគ្រួសារទីទាល់ក្រចំនួន១២គ្រួសារ និងជួយជួសជុលផ្ទះ២ខ្នង ជូនប្រជាពលរដ្ឋស្ថិតក្នុងភូមិប៉ក់ពោធិ៍ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលរងគ្រោះដោយសារភ្លៀងលាយខ្យល់កន្ត្រាក់កន្លងមក។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានលើកឡើងថា ការធ្វើសកម្មភាពមនុស្សធម៌នេះ ដើម្បីបង្ហាញថាអង្គភាពលោក មិនត្រឹមតែចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីប៉ុណ្ណោះទេ ថែមទាំងជួយពួកគាត់ជួបគ្រោះធម្មជាតិផ្សេងៗ។

អំណោយចែកជូនប្រជាពលរដ្ឋ ១២គ្រួសារនោះ ក្នុង១គ្រួសារទទួលបានអង្ករ១បេ, សម្ភាមួយចំនួន, និងថវិកា ៥ម៉ឺនរៀល។ ចំណែកឯផ្ទះ២ខ្នង (ឈើប្រក់ស័ង្កសី) ត្រូវបាននគរបាលជួសជុលអស់ស័ង្កសី ៥០សន្លឹក, ជូនអង្ករ៥បេ (២គ្រួសារ) និងថវិកាក្នុង ១គ្រួសារ ១០ម៉ឺនរៀលផងដែរ។

ចំពោះកាយវិកាប្រកបដោយមនុស្សធ៌ម របស់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តរតនគិរីនេះដែរ, តំណាងប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ដែលបានចែករំលែកថវិកាផ្ទាល់ខ្លួន ជួយពួកគាត់ក្នុងគ្រាលំបាកនេះ៕