(ស្វាយរៀង)៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ព្រះសច្ចកក្យាណោ យ៉ន សុខសាន្ត ព្រះវិន័យធរអនុគណៈក្រុងស្វាយរៀង និងជាព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ បានមានសង្ឃដីកាថា វត្តអារាមរបស់ព្រះពុទ្ធសាសនា បាននិងកំពុងដើរតួយ៉ាងសំខាន់ ចំពោះប្រជាជនកម្ពុជា។

ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ បានមានសង្ឃដីកាថា ទីវត្តអារាម គឺជាកន្លែងសម្រាប់ព្រះសង្ឃអប់រំសីលធម៌ ផ្សព្វផ្សាយពុទ្ធវចនៈ ដល់ពុទ្ធបរិស័ទ ហើយក៏ជាកន្លែងសម្រាប់ ប្រជាជនបានផ្សារភ្ជាប់ជីវិតទៅនឹងព្រះពុទ្ធសាសនា។ ទីតាំងនៃព្រះពុទ្ធសាសនានេះ ក៏សម្រាប់ឱ្យពុទ្ធសាសនិក ទុកជាទីពឹងពាក់ ជាបង្អែកខាងផ្លូវចិត្ត និងជាកន្លែងអប់រំកាយ ចិត្ត និងជាទីសក្ការៈផងដែរ។

ព្រះគ្រូ យ៉ន សុខសាន្ត បានមានសង្ឃដីកាបន្តថា ទីអារាមជាកន្លែងសម្រាប់ឱ្យប្រជាជនកម្ពុជាធ្វើពិធីបុណ្យផ្សេងៗ ដែលជាប្រពៃណីពុទ្ធសាសនា តាមទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា ដូចជា បុណ្យកឋិន ភ្ជុំបិណ្ឌ មាឃបូជា វិសាខបូជា ចូលវស្សា ចេញវស្សា បុណ្យចូលឆ្នាំជាដើម។ ទីអារាម ក៏ជាកន្លែងសម្រាប់ដុសខាត់ចិត្ត ឱ្យកើតសេចក្តីប្រាថ្នា ជ្រះថ្លា ឱ្យមានអារម្មណ៍ស្ងប់ ជាទីអាស្រ័យរបស់សិស្សានុសិស្ស ដែលជាកូនចៅប្រជាជនក្រីក្រ និងជាមន្ទីពេទ្យសម្រាប់ព្យាបាលជំងឺចិត្ត។

លើសពីនេះទៀត វត្តអារាមក៏សម្រាប់ប្រជុំរបស់ប្រជាជនគ្រប់រូប គ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យដោយគ្មានរើយអើងពណ៌សម្បុរ សញ្ជាតិ ឋានៈ នាទី សង្គម ដោយឥតប្រកាន់មាន ក្រ ឬមានជំនឿផ្សេងៗ។

ព្រះគ្រូ យ៉ន សុខសាន្ត បានមានសង្ឃដីកាបន្ថែមទៀតថា ទីអារាមក៏ជាកន្លែងជួយកសាងសង្គម ដូចជា ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូង និងដាំដើមឈើមានតម្លៃ ឈើហូបផ្លែឈើ សម្រាប់ធ្វើជាឧសថជាដើម។ ជាពិសេសទីអារាម ជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ និងអរិយធម៌ជាដើម ដោយឥតប្រកាន់អ្នកមានជំនឿផ្សេងៗឡើយ។

វត្តអារាម ក៏ជាទីរមណីយដ្ឋានទេសចរណ៍ទាក់ទាញមនុស្សឱ្យទៅទស្សនាកម្សាន្ត សម្រាន្តអារម្មណ៍ បំបាត់ការអផ្សុក។ ដូច្នេះ វត្តអារាមពុទ្ធសាសនា មានសារសំខាន់ណាស់ ក្នុងការជួយសម្រាលបន្ទុកសេដ្ឋកិច្ចរដ្ឋមួយកម្រិត និងជួយដោះស្រាយបញ្ហាក្នុងសង្គមផងដែរ៕