(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន ១ខ្សែ ឆ្លងកាត់ភូមិចំនួន២ នៅជាប់ព្រំដែនកម្ពុជា-ថៃ (ខេត្តប៉ៃលិន និងខេត្តចាន់បុរី) គឺភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផង និងជាយុទ្ធសាស្ត្រការពារបូរណភាពទឹកដីផង។

ពិធីបើកការដ្ឋាន បានធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងក្រោមគោលនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការកសាងសមិទ្ធផលនាថ្ងៃនេះ គឺជាការឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យមានភាពកាន់តែងាយស្រួល ហើយរដ្ឋបាលខេត្តប៉ៃលិន នឹងខិតខំបន្តចុះជួយដោះស្រាយនូវរាល់សំណូមពរ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពិសេសផ្លូវថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ម្យ៉ាងទៀតប្រជាពលរដ្ឋដែលនៅរស់នៅសងខាងផ្លូវនេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលថ្មីនេះ សម្រេចបានទៅតាមការគ្រោងទុកនិងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

សូមបញ្ជាក់ថា ផ្លូវក្រវាត់ព្រំដែនមួយខ្សែរដែលបើកការដ្ឋានស្ថាបនានាពេលនេះ មានប្រវែង ៥២០០ម៉ែត្រ ទទឹង២៥ ម៉ែត្រ ក្នុងនោះក្រាលបូតុងអាមេ ប្រវែង ១៥០០ម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣៧០០ម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០៤០០ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ខេត្ត៕