(ភ្នំពេញ)៖ ស្រ្តីម្នាក់អង្គុយយំស្ដាយ ព្រោះអស់លុយសម្រាប់ទិញត្រី ក្នុងការប្រកបរបរលក់ត្រី ដោយសារបុរសជនសង្ស័យ២នាក់ បានជិះម៉ូតូស៊ុយសូគីនិច ពណ៌ក្រហម មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តី ដែលដាក់ជាប់នៅខ្លួន ពេលជិះម៉ូតូវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១P-៧០២២ ក្នុងនោះមានលុយ ៨០ម៉ឺនរៀល និងខ្សែកផ្លាទីន១ខ្សែ តម្លៃ៦០ម៉ឺនរៀល និងទូរស័ព្ទ១គ្រឿង។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង០៦៖០០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្ថានីយ៍បូបទឹកបឹងទំពន់ តាមផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីស្ត្រីរងគ្រោះ ឈ្មោះ សេង សុភ័ណ្ឌ អាយុ ៣២ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅសង្កាត់ដង្កោ បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ក្នុងគោលបំណងទៅផ្សារនៅម្តុំវត្តពោធិញាណ ដើម្បីទៅទិញត្រី។ លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យម្នាក់ រត់មកឆក់កាបូបក្រវ៉ាត់នៅចង្កះ ហើយក្រោយកើតហេតុជនរងគ្រោះព្យាយាមបើកម៉ូតូវីវ៉ាដេញតាមជនសង្ស័យ ពីកន្លែងកើតហេតុ៣៧១ រហូតមកដល់ត្រូវច្រមុះក្បាលថ្នល់ បាត់មិនទៅផ្លូវណារត់គេចខ្លួនបាត់ ដោយជាមួយលុយខ្មែរ ៨០ម៉ឺនរៀល ទូរសព្ទអូប៉ូ ១គ្រឿង ខ្សែ«ក» ផ្លាកទីន ១ខ្សែ និងអត្តសញ្ញាណបណ្ណ ១សន្លឹកផងដែរ។

នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ ដែលឈរជើងប្រចាំការដើម្បីសម្រួលចរាចរណ៍ ក៏ប្រទះឃើញស្រ្តីម្នាក់យំអង្គុយលើម៉ូតូហើយក៏សួរនាំ ទើបដឹងថា មានចោរឆក់កាបូប ក្រោយមកក៏បានទំនាក់ទៅខណ្ឌដង្កោជាកន្លែងកើតហេតុ មកទទួលយកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងចាត់ការស្រាវរកជនសង្ស័យ តែនគរបាលខណ្ឌមិនទាន់មកដល់ មានបងប្រុសរងគ្រោះមកដល់នាំទៅប៉ុស្តិ៍តែម្ដង។
ក្នុងនោះដែរនគរបាល និងប្រជាពលរដ្ឋស្នើសុំនគរបាលព្រំប្រទល់២ខណ្ឌមានជ័យ និងខណ្ឌចំការមន ដាក់គោលដៅល្បាតត្រង់ចំណុចផ្លូវ២៧១ ស្ថានីយ៍បូបទឹកបឹងត្របែក ឧស្សាហ៍មានករណីឆក់ណាស់ នៅពេលជិតភ្លឺ៕