(កោះកុង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពអភិរក្សសត្វអណ្តើកលួង ដែលជាសត្វមានដោយកម្រ និងជិតផុតពូជ និងជាពិសេស ជាសត្វប្រចាំភូមិសាស្រ្តនៃដឹកដីខេត្តកោះកុង។

ជំហរគាំទ្រនេះ បានបង្ហាញឡើងក្នុងឱកាសលោក វេង សាខុន និងលោកស្រីអភិបាលខេត្តកោះកុង រួមជាមួយសហការី បានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ។

តាមអ្វីដែលលោក អិត ហ៊ុល អ្នកបច្ចេកទេស បានធ្វើអត្ថាធិប្បាយជូនភ្ញៀវជ្រាបថា មណ្ឌលនេះគឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល ប្រមូលដណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស។ គម្រោងចាប់ដំណើការក្នុងឆ្នាំ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកទេសពីអង្កការ WCS និងបានធ្វើការវិវឌ្ឍន៍ជាបន្តបន្ទាប់ បច្ចុប្បន្នកសិដ្ឋានមានមេបាពូជចំនួន ២០៤ក្បាល។

ចំពោះអណ្តើកហ្លូង ត្រូវបានលោក ហ៊ុល បញ្ជាក់ថាជាប្រភេទសត្វមានដោយកម្រ និងជិតផុតពូជ (គ្រប់គ្រងដោយអនុសញ្ញាសាយតេស្ត យ៉ាងម៉ឺងម៉ាត់ ហាមធ្វើការជួញដូរ) ហើយបច្ចុប្បន្នមានតែនៅក្នុងខេត្តកោះកុង ខណៈនៅលើពិភពលោកមានតែនៅប្រទេសឥណ្ឌា ម៉ាឡេស៉ី បង់ក្លាដេស និងកម្ពុជា ហើយមានតែនៅខេត្តកោះកុងដែលមានលក្ខណៈបរិស្ថាន ធម្មជាតិទឹក ចំណី និងខ្សាច់ពងកូន ល្អប្រសើរសម្រាប់សត្វនេះរស់នៅបន្តពូជបាន។

លោកបានបន្តថា រហូតមកទល់បច្ចុប្បន្នកសិដ្ឋានភ្ញាស់កូនបាន ៤៥៦ក្បាល ថែរក្សាក្នុងមណ្ឌលអភិរក្ស ២០៤ក្បាល ចិញ្ចឹមថែរក្សាក្នុងមណ្ឌលខេត្តសៀមរាប ២៧ក្បាល លែងចូលក្នុងព្រែកធម្មជាតិដោយបំពាក់ឧបករណ៍តាមដានចំនួន ៨៦ក្បាល និងចំនួន ១៣៩ក្បាលទៀត បានលែងចូលតាមបឹង ព្រែកធម្មជាតិ។

បន្ថែមលើនេះ លោក វេង សាខុន បានសុំឱ្យរដ្ឋបាលជលផល និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម បញ្ជូនមន្រ្តី និងនិស្សិតមកសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ក្នុងបំណងលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ បង្កាត់ពូជ ចំណី ក្សេត្របរិស្ថាននៃជីវិតរស់នៅ និងអភិរក្ស ដើម្បីបង្កើនចំនួនកូនញាស់ សម្រាប់យកទៅលែងក្នុងបឹង ព្រែក និងដៃសមុទ្រធម្មជាតិ។

លោកថែមទាំងបានណែនាំឱ្យរដ្ឋបាលជលផលសហការជាមួយអង្គការដើម្បីរៀបចំចងក្រងឯកសារផ្លូវ ច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូងយើងឱ្យបានគង់វង្សតរៀងទៅ៕