(ភ្នំពេញ)៖ ស្នាមញញឹមដ៏មានតម្លៃដែលលេចចេញពីទឹកមុខរបស់បងប្អូនខ្មែរមូស្លីមទូទាំងប្រទេស ហាក់បង្ហាញឱ្យឃើញពីការរំភើបក្នុងការប្រារព្វពិធីបុណ្យរ៉ម៉ាឌនក្នុងយុគ្គសម័យតេជោ ក្រោមម្លប់សន្តិភាព ត្បិតការគោរពវិធានការណ៍កូវីដ១៩ ត្រូវបានអនុវត្តន៍បានយ៉ាងល្អខ្ចាប់ខ្ចួន។

ពិធីបុណ្យ «រ៉យ៉ាអ៊ីទីលហ្វីទ្រី» ជាបុណ្យធំមួយរបស់សាសនាឥស្លាម ដែលមូស្លីមទូទាំងពិភពតែងតែប្រារព្វជារៀងរាល់ឆ្នាំក្រោយបញ្ជប់បួសខែរ៉ម៉ាឌនពេញមួយខែរួចមក។

ជាក់ស្ដែងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ សាសនិកខ្មែរមូស្លីម បានរៀបចំប្រារព្វពិធីនេះឡើងជាមួយនឹងការញញឹមសប្បាយរីករាយក្រោមម្លប់សន្តិភាព ត្បិតពុំមានការជួបជុំធំៗនៅតាមវិហ៊ារ ឬស៊ូរ៉ាវក្ដី ប៉ុន្តែបងប្អូនមូស្លីមនៅតែពេញចិត្តត្បិតអីវិធានការណ៍ការពារកូវីដ១៩ ទើបជាកិច្ចការសំខាន់ត្រូវគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ។

Fresh News សូមលើកយកទិដ្ឋភាពជាក់ស្ដែងនៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបានឃើញពីភាពស្ងប់ស្ងាត់បន្តិចចំពោះការដើរហើរ ឬជួបជុំ ព្រោះពលរដ្ឋខ្មែរមូស្លីម គោរពបទបញ្ជាថ្នាក់លើយ៉ាងខ្ចាប់ខ្ចួន ដោយពួកគាត់ធ្វើឡើងនៅតាមក្រុមគ្រួសារនីមួយៗក្នុងផ្ទះរៀងៗខ្លួន ដោយគ្មានការបំពាននឹងបម្រាមនោះឡើយ។

លោកស្រី ស៊ូ អៃសះ ព្រមទាំងក្រុមគ្រួសារ រស់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានប្រាប់ Fresh News ថា «យើងខ្ញុំសូមគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលបានណែនាំដល់ឥស្លាមសាសនិក ត្រូវចូលរួមទប់ស្កាត់ការរីករាលមេរោគកូវីដ១៩ ដោយបញ្ជៀសការជួបជុំជាហ្វូងៗក្រៅពីក្រុមគ្រួសារខ្លួន ហើយអ្វីដែលសំខាន់គឺលោកស្រី អរគុណសន្តិភាព អរគុណសម្ដេចតេជោហ៊ុន សែន អរគុណក្រសួងសុខាភិបាល និងក្រុមមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំធ្វើលើកិច្ចការនេះទាំងយប់ទាំងថ្ងៃដោយមិនគិតពីការនឿយហត់ឡើយ ខណៈជាលទ្ធផលឃើញថា ពិតជាល្អប្រសើរបំផុត បើប្រៀបធៀបនឹងប្រទេសដទៃទៀត គឺកម្ពុជាគ្មានការឆ្លងទ្រង់ទ្រាយធំ គ្មានមនុស្សស្លាប់ ដែលនេះជាស្នាដៃដ៍ធំធេងរបាសម្ដេចតេជោហ៊ុន និងក្រុមមន្ត្រីទាំងអស់»

លោកស្រី និងក្រុមគ្រួសារ ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព សុខសុវត្ថិភាព ការរីកចំរើន មានសេដ្ឋកិច្ចលូតលាស់ ពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ ខណៈកម្ពុជាយើងក្រោមការដឹកនាំរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា តាំងពីបាតដៃទទេរហូតដល់មានបានមកដល់សព្វថ្ងៃនេះ។

លោកស្រី និងក្រុមគ្រួសារ ក៏អំពាវនាវដល់បងប្អូនឥស្លាមសាសនិកទាំងអស់គ្នា សូមចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ប្រឆាំងការរីករាលដាលមេរោគកូវីដ១៩ ដែលបានបង្កបញ្ហាដល់ពិភពលោក។

គួរជម្រាបជូនថា គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ដែលមានលោកឧកញ៉ា សុះ កុំរី ជាចាងហ្វាង បានចេញសេចក្ដីជូនដំណឹងផងដែរ ជុំវិញការប្រតិបត្តិថ្ងៃរ៉យ៉ាហ្វីត្រះ ហើយក៏បានចេញគោលការណ៍ស្ដីពីការណែនាំ ដល់សាសនិកឥស្លាមទាំងអស់ចូលរួមទប់ស្កាត់មេរោគកូវីដ១៩ ការណែនាំក្នុងការថ្វាយបង្គុំនៅថ្ងៃរ៉យ៉ាតាមគេហដ្ឋានរៀងៗខ្លួនផងដែរ។

អ្វីដែលគួរឱ្យកត់សំគាល់បំផុតនោះផងដែរ ស្ថិតនៅក្នុងរយៈពេលមួយខែនៃបុណ្យរ៉ម៉ាឌន អង្គការ សមាគមឥស្លាមជាច្រើន បានបើកយុទ្ធនាការចែកអំណោយ និងផ្សព្វផ្សាយវិធានការវីរិសកូវីដ១៩ ដល់គ្រប់ភូមិទាំងអស់នៅទូទាំងប្រទេស ដែលសកម្មភាពមនុស្សធម៌នេះ និងការផ្សព្វផ្សាយវិធានការនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនខ្មែរមូស្លីមទូទាំងអស់ផងដែរ។

គួរបញ្ជាក់ថា គ្រប់សាសនិកឥស្លាមទាំងអស់នៅកម្ពុជា តែងតែគោរពតាមគោលការណ៍របស់ថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំស្ថាប័ណពាក់ព័ន្ធជានិច្ច ដើម្បីចូលរួមទប់ស្កាត់ប្រឆាំងការរីករាលដាលជម្ងឺកូវីដ១៩ មិនឱ្យរីកសាយភាយជាដាច់ខាត ហើយទន្ទឹមនឹងថ្ងៃរ៉យ៉ាហ្វីត្រះនេះទៀតសោត ក៏ឃើញថាបងប្អូនខ្មែរមូស្លីម ពិតជាគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំបានយ៉ាងល្អឥតខ្ចោះយ៉ាងពិតប្រាកដផងដែរ ដែលនេះជាគម្រូល្អមួយដល់ពិភពលោក៕