(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង បានរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះការវាយប្រហារ នៅកណ្តាលទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីម្សិលមិញ។ ប្រមុខការទូតកម្ពុជា ក៏បានថ្កោលទោសផងដែរ ចំពោះការវាយប្រហារ បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសជាច្រើននាក់នេះ។

ក្នុងលិខិតផ្ញើទៅ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi ប្រមុខការទូតកម្ពុជា បានថ្លែងថា «ខ្ញុំមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាព ដោយសារការវាយប្រហារដោយគ្រាប់បែក នៅកណ្តាលទីក្រុងហ្សាកាតា។ ខ្ញុំសូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសកម្មភាព វាយប្រហារដ៏គួរឲ្យស្អប់ខ្ពើមឆ្កួតលីលានេះ»

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ នៅកណ្តាលទីក្រុងហ្សាកាតា ពួក ISIS បានបំផ្ទុះគ្រាប់បែកបណ្តាល ឲ្យពលរដ្ឋឥណ្ឌូនេស៊ី ស្លាប់៧នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត៕