(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូ និងមន្ដ្រីរាជការក្រសួងជិះកង់ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំព្រែកថ្មី ឃុំព្រែកស្តី និងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ការចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ថាតើមានការរីកចម្រើនដល់កម្រិតណា ជាពិសេសស្វែងយល់អំពីជីវភាពរបស់ពួកគាត់ក្នុងស្ថានភាពមានជំងឺកូវីដ-១៩។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលកំពុងរង់ចាំទទួលស្វាគមន៍នាឱកាសនោះលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការធ្វេសប្រហែស និងភ្លេចខ្លួនចំពោះជំងឺឆ្លងដ៏កាចសាហាវកូវីដ ១៩មួយនេះ ព្រមទាំងបានណែនាំពួកគាត់ឱ្យប្រកាន់ខ្ជាប់នូវក្បូនអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

ជាមួយគ្នានោះផងដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកក្រមា ម៉ាស់ ទឹកអាកុល និងសាប៊ូលាងដៃ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ ៤៤០គ្រួសារ នៅភូមិទាំង១១ ស្ថិតក្នុងឃុំព្រែកថ្មី ឃុំព្រែកស្តី និងឃុំសំពៅពូន ស្រុកកោះធំ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរកត់សម្គាល់ថា គិតរហូតមកទល់ពេលនេះ ឃុំស្ទើរតែទាំងអស់នៃស្រុកកោះធំ មានការអភិវឌ្ឍច្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយក្នុងនោះក្នុងឃុំនីមួយៗមានផ្លូវបេតុងខ្វាត់ខ្វែង និងលែងមានស្ពានឈើទៀតហើយ៕