(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU ) បានប្រារព្ធពិធីប្រគល់បណ្ណសរសើរ ដល់និស្សិតឆ្នើមមួយរូប ដែលបាន​ចូលរួមប្រកួតប្រជែង ដណ្ដើមពានរង្វាន់ពិភពលោក ផ្នែកសំនួន​វោហាស័ព្ទសាធារណៈ ហើយទទួលបានជ័យលាភីលេខ១ តំណាងឲ្យប្រទេសកម្ពុជា ក៏ដូចជាតំណាងឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូល នៅលើឆាកអន្តរជាតិ នារសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ ដោយមានអញ្ជើញចូលរួម ផ្ដល់កិត្តិយសពីសំណាក់លោក ឡាវ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ព្រមទាំងសាស្រ្តាចារ្យនិងនិស្សិត ជាច្រើននាក់ ។

ជ័យលាភីពានរង្វាន់និស្សិតឆ្នើម លំដាប់ពិភពលោក ក្រោមការរៀបចំឡើងដោយ យុវសភាពាណិជ្ជកម្មកម្ពុជា ក្នុងនោះមាន បេក្ខជន-បេក្ខនារី ជានិស្សិតមកពីបណ្ដាប្រទេសចំនួន១២៤ លើសាកលលោក ដោយបានប្រកួតជ្រើសរើសយកអ្នកពូកែ «​សំនួន វោហាស័ព្ទជាសាធារណៈ» មាន៣ដំណាក់កាលធំ ដូចជា ដំណាក់កាលទី១: ប្រកួតតាមប្រទេស, ទី២: កាប្រកួតតាមទ្វីបឬ​តំបន់ និងដំណាក់ទី៣: ការប្រកួតលក្ខណៈពិភពលោក​ ជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅក្នុងទីក្រុង Kanazawa ប្រទេសជប៉ុន ។

ជាលទ្ធផលគួរជាមោទន​របស់កម្ពុជា ជ័យលាភីលំដាប់ពិភពលោកនេះ គឺបានទៅលើកញ្ញា តារា រ័ត្ន និស្សិតឆ្នើមផ្នែកច្បាប់ ឆ្នាំទី៤ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU ) បេក្ខនារី មកពីប្រទេសកម្ពុជា តំណាងឲ្យទ្វីប អាស៊ីប៉ាស៊ីហ្វិច ។

លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU ) និងជាអ្នកដឹកនាំប្រតិភូកម្ពុជា ចូលរួមប្រកួត បានថ្លែងនៅក្នុងពិធីប្រគល់ លិខិតសរសើរនោះថា ក្នុងនាមលោកស្រីជាជនជាតិខ្មែរ ពិតជាមានមោទនភាពក្រៃលែង រហូតដល់ស្រក់​ទឹកភ្នែក ពេលគណៈកម្មការប្រកាសថា បេក្ខនារីមកពីប្រទេសកម្ពុជា ជាអ្នកទទួលជ័យលាភីលេខ១ ក្នុងពិភពលោក ។ ទាំងនេះបាន បញ្ជាក់យ៉ាងច្បាស់ថា កូនខ្មែរពិតជាមានសមត្ថភាពខ្លាំងពូកែ មិនចាញ់បណ្ដាប្រទេសជឿនលឿន ប្រទេសអភិវឌ្ឍន៍ជាច្រើន​នោះឡើយ ខណៈដែល​ជ័​យ​លាភី នៃការប្រកួតដ៏ស្វិតស្វាញនេះ បានទៅលើនិស្សិតមកពីប្រទេសកម្ពុជា ធ្វើឲ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់ ។

លោកស្រីបន្តទៀតថា ជាលទ្ធផល កញ្ញា តារា រ័ត្ន បានដណ្ដើមពានរង្វាន់​ ជ័យលាភីលេខ១ សម្រាប់អ្នកមានសំនួនវោហាស័ព្ទ ពូកែជាសាធារណៈ លើពិភពលោក ។ លទ្ធផលដ៏មហា​អស្ចារ្យនេះ បាននាំយកទង់ជាតិកម្ពុជា ទៅលើឆាកអន្តរជាតិ ដែលសបញ្ជាក់ ឲ្យឃើញថា ការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលខិតខំកែលំអប្រព័ន្ធអប់រំ ឲ្យមានគុណភាពជា មោទន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា ។ក្នុងនោះ លោកស្រី ទេព កូលាប ក៏បានអំពាវនាវឲ្យសិស្ស និស្សិតទាំងអស់ យកចិត្តទុកដាក់រៀនសូត្រខ្លួនឯង ឲ្យខ្លាំងពូកែ និងចូលរួមសកម្មភាព សង្គម ឲ្យបានច្រើន ដើម្បីជាបទពិសោធន៍ និងជាចំណេះដឹងសាធារណៈមួយ ជួយឲ្យពួកគេទទួលបានជោគជ័យ នៅថ្ងៃអនាគត ដូចជា កញ្ញា តារា រ័ត្ន នេះ ជាឧទាហរណ៍ស្រាប់។

ដោយឡែក លោក ឡាវ ឈីវអ៊ាវ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងកោតសរសើរ ដល់ប្អូនស្រី តារា រ័ត្ន ក៏ដូចជាជម្រុញ និងលើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ដែលបានបញ្ជូននិស្សិត ទៅប្រកួតប្រជែងដណ្ដើម ពានរង្វាន់ លំដាប់ពិភពលោក ហើយទទួលបានជ័យលាភីជូនខ្លួនឯង និងប្រទេសជាតិ គួរជាទីមោទនភាព​ ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយក​ចិត្តទុកដាក់ខ្ពស់ ធ្វើការកែទម្រង់ប្រព័ន្ធអប់រំ ឲ្យកាន់តែមានគុណភាពប្រសើឡើង ជាលំដាប់។ប៉ុន្តែប្រសិន បើរាជរដ្ឋាភិបាល កែទម្រង់ឲ្យស៊ីជម្រៅ លើកកម្ពស់វិស័យអប់រំ ឲ្យកាន់តែល្អ ហើយប្អូនៗនិស្សិតមិនបានខិតខំប្រឹងប្រែង រៀនសូត្រ ដោយខ្លួនឯង ក៏មិនបានទទួលលទ្ធផលល្អ នោះដែរ ។ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា ទើបប្រទេសយើងរីកចម្រើន ជាពិសេស គឺប្អូនៗយុវជន យុវនិស្សិត ទាំងអស់នេះ​ហើយ ជាសរសរទ្រូង នៃប្រទេសជាតិយ៉ាងសំខាន់បំផុត ។

យ៉ាងណាមិញ កញ្ញា តារា រ័ត្ន និស្សិតជ័យលាភីពានរង្វាន់លេខ១ពិភពលោក ក្នុងព្រឹត្តិការណ៍ប្រកួតសំនួន វោហាស័ព្ទជាសាធារណៈ នៅក្នុងប្រទេសជប៉ុននេះ បានសម្ដែងនូវក្ដី​រំភើបរីករាយឥតឧបមា ព្រោះការតស៊ូប្រឹងប្រែងរបស់ខ្លួន គឺបានមកវិញនូវផ្លែផ្កាគួរឲ្យ ស្ញប់ស្ញែង ។ និស្សិតវ័យ២២​ឆ្នាំ មានរូបឆោមលោមពណ៌ស្រស់ស្អាត និងមានស្រុកកំណើត​នៅក្រុងតាខ្មៅ ខេត្តកណ្ដាលរូបនេះ បានប្រាប់ ពីគន្លឹះ ដែលនាងទទួលបានជោគជ័យ ឲ្យបានដឹងថា នាងចូលចិត្តស្រាវជ្រាវភាសាអង់គ្លេសតាមរយៈការមើលភាពយន្ត ជាភាសាបរទេស និងអានភាសាអង់គ្លេសឲ្យឮៗ ដើម្បីឲ្យខួរក្បាលឆាប់ចាំ ហើយស្ទាត់ជំនាញពេលអានក្នុងវេទិកា​អ្វីមួយ។ ជាពិសេស​ទៅទៀត ការរើស​ប្រធានបទ​ ពិតជាសំខាន់ណាស់ ត្រូវចេះបន្ថែមគន្លិះថ្មីៗ ដើម្បីឲ្យបានភាពទាក់ទាញ ចំណាប់អារម្មណ៍អ្នកស្ដាប់ ក្នុងនោះត្រូវមានជំនឿជឿជាក់លើខ្លួនឯង ពេលធ្វើអ្វីមួយ ទើបយើងសម្រេចបានជោគជ័យ ៕

Advertising