ស្រ្តីមេម៉ាយម្នាក់ ប្ដឹងបណ្ដាញសង្គម Twitter ថាបានជួយដល់ក្រុមឧទ្ទាម ISIS
15-01-2016 10:51
(អាមេរិក)៖ ស្ត្រីមេម៉ាយម្នាក់ បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការរដ្ឋកាលីហ្វូញ៉ា ដោយបានចោទប្រកាន់ បណ្ដាញទំនាក់ទំនងសង្គម Twitter ថា ជាអ្នកសម្របសម្រួល ទំនាក់ទំនងរវាងក្រុមភេរវករ និងក្រុមឧទ្ទាមផ្សេងទៀត មានន័យថា Twitter ជាបណ្ដាញមួយដែល ក្រុមឧទ្ទាមប្រើប្រាស់សម្រាប់ទាក់ទងគ្នា នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៥ ខែមករា។
លោកស្រី Tamara Fields បាននិយាយទាំងកំហឹងថា ប្ដីគាត់ឈ្មោះ Lloyd Fields បានស្លាប់ នៅក្នុងការវាយ ប្រហារមួយនៅ មជ្ឈមណ្ឌល បណ្ដុះបណ្ដាលប៉ូលិសក្នុងតំបន់ Jordanian កាលពីខែវិច្ឆិកា ដោយការវាយប្រហារនោះ ត្រូវបានក្រុម ISIS ចេញផ្សាយ ប្រកាសថា ជាទង្វើរបស់ពួកគេ។
នៅក្នុងពាក្យបណ្ដឹងរបស់លោកស្រី Tamara Fields មិនបានបញ្ជាក់ពីការទាមទារសំណងនោះទេ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា Twitter គួរតែទទួលខុសត្រូវទៅលើចំណុចមួយនេះ ដើម្បីសន្ដិភាពពិភពលោក។
កាលពីឆ្នាំ២០១៥ មានស្ថាប័នតុលាការ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួន បានស្នើឲ្យ Twitter កាត់ផ្ដាច់ទំនាក់ទំនងរវាងក្រុមឧទ្ទាម ISIS ព្រោះថាពួកនេះ បានប្រើប្រាស់បណ្ដាញសង្គម Twitter ក្នុងការទាក់ទងគ្នា។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ Brookings Institution បានឲ្យដឹងថា មានគណនី Twitter ចន្លោះពី ៤៦.០០០ ទៅ ៦០.០០០ ជារបស់ក្រុមឧទ្ទាម ISIS ដែលពួកនេះ ប្រើប្រាស់សម្រាប់ទំនាក់ទំនង និងកៀរគរគ្នា។
គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាម ISIS បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter, Instagram និង Telegram ដើម្បីទំនាក់ទំនង គ្នា និងប្រើប្រាស់អនុវត្តភេរវកម្មផងដែរ៕