(ភ្នំពេញ)៖ ខ្មែ-ឥស្លាមទាំងអស់នឹងបញ្ចប់ការបួសខែរ៉ម៉ាដនរបស់ខ្លួនហើយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបួសដោយតមអាហារអស់រយៈពេលមួយខែ។

ជាមួយនឹងការបិទបញ្ចប់ការបួសខែរ៉ម៉ាដនរបស់ខ្មែរ-ឥស្លាមនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមអបអរសាទរ និងជូនពរសាសនិកឥស្លាមទាំងអស់ ដែលបញ្ចប់ការបួសដោយជោគជ័យនេះ។

សម្តេចតេជោ បានសរសេរលើទំព័រ Facebook នៅរសៀលថ្ងៃទី២៣ ខែឧសភា យ៉ាងដូច្នេះ «ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ និងអារម្មណ៍ជ្រះថ្លា ហើយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃអាទិត្យ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០»

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតផ្ញើក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ និងមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក។ ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និងសេចក្ដីណែនាំទៅតាមវិធានការនាៗរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ឱ្យបងប្អូណខ្មែរ-ឥស្លាម បន្តអនុវត្តតាមរាល់វិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការការពារពីជំងឺកូវីដ១៩ ដោយមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះឡើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានបួងសួងឱ្យដល់បងប្អូនខ្មែរ-ឥស្លាមទាំងអស់ ទទួលបាននូវសេចក្កីសុខ ស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចម្រើនព្ហារ៉កាត់ សុភមង្គល ក្ដីមេត្តាករុណា និង អាណិតស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និងសុំឱ្យអល់ឡោះទទួលយកនូវកុសលផលបុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបានប្រតិបត្តិកុំបីអាក់ខានឡើយ៕