(ព្រៃវែង)៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្វាយអន្ទរ ឃាត់ខ្លួនក្នុងករណីលួចម៉ូតូ ពីបុរសចំណាស់ម្នាក់ ខណៈពេលដែលគាត់ជិះម៉ូតូ ទៅច្រូតស្មៅគោ។ ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនាវេលាម៉ោង១២៖៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សេង ចន្នី ភេទប្រុស អាយុ៣១ឆ្នាំ ឃាត់ខ្លួននៅចំណុចភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ដែលបានប្រព្រឹត្តអំពើលួច (ម៉ូតូ) កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ របស់ឈ្មោះ អ៊ុត យឿន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិដូនយូរ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ បានជិះម៉ូតូម៉ាកវ៉វពណ៌ខ្មៅ លាយក្រហម គ្មានស្លាកលេខ លេខតួ027208 លេខម៉ាស៊ីន 0834204 មួយគ្រឿង មកច្រូតស្មៅនៅវត្តស្វាយអាត់ បានទុកម៉ូតូ ចំងាយប្រហែល ២០ម៉ែត្រ ហើយចុះច្រូតស្មៅត្រូវឈ្មោះ សេង ចន្នី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ លួចជិះចេញតាមច្រករបងវត្តស្វាយអាត់ ទៅទិសខាងលិចបាត់។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិកាដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។ ចំពោះម៉ូតូសមត្ថកិច្ច បានប្រគល់ជូនម្ចាស់វិញ៕