(កណ្ដាល)៖ លោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តកណ្ដាល បានប្រកាសអំពាវនាវ ដល់ពលរដ្ឋចំនួន២ភូមិ គឺភូមិតាខ្មៅ និងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលក្បាលដីសរុបចំនួន១៤,៥២៣ក្បាលដី ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មកពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ ដើម្បីបញ្ជៀសការភ័ណ្ឌច្រឡំណាមួយ។

លោក សុក កាន់ណារិទ្ធ បានលើកឡើង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ថា ការបិទផ្សាយឯកសារ នៃការវិនិច្ឆ័យក្បាលដីនេះ មានគោលបំណង ក្នុងការធានា ទិន្នន័យឲ្យមានលក្ខណៈស្របច្បាប់ ជូនដល់ប្រជាពលរដ្ឋ ក្នុងករណីទិន្នន័យ ពុំទាន់ត្រឹមត្រូវលំអៀងជាន់ព្រំដី សូមប្រជាពលរដ្ឋធ្វើការតវ៉ា ដោយក្រុមការងាររបស់ គម្រោងចាំសម្របសម្រួលដោះស្រាយ ជូនចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដែលមានរយៈពេល១៥ថ្ងៃ។

លោក ក៏បានជំរាបជូនប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ថា ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យនៅពេលនេះ ឆ្លុះបញ្ចាំងឲ្យឃើញ ពីការយកចិត្តទុកដាក់ ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតដល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

លោកបន្តថា ការបិទផ្សាយនាពេលនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឲ្យបងប្អូន ប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជាការវិនិយោគ ក្នុងវិស័យ កសិកម្មឲ្យកាន់តែកើនឡើងថែមទៀត។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវនយោបាយ ឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី ក្នុងការផ្តល់សម្បទានដី សេដ្ឋកិច្ចដល់ក្រុមហ៊ុន វិនិយោគសំដៅជំរុញ ឲ្យផ្នែកឯកជន បានរួមចំណែកអភិវឌ្ឍមូលដ្ឋាន កាន់តែមានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់វិនិយោគនោះ យ៉ាងពិតប្រាកដ៕