(រតនគិរី)៖ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អមដំណើដោយសមាជិក សមាជិកា នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញសួរសុខទុក្ខ និងនាំយកថវិកាសាខា ព្រមទាំងថវិកាសប្បុរសជនមួយចំនួន ជូនមន្រ្តីសាខា៣នាក់ និងមន្រ្តីព័ត៌មាន នៃមន្ទីរព័ត៌មានម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ខណៈចុះបំពេញការងារមនុស្សធម៌ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោក ថង សាវុន បានសម្តែងនូវសមាណចិត្តសោកស្តាយ ចំពោះឧបទេវហេតុ ដែលបណ្តាលឲ្យមន្រ្តីកិច្ចការមនុស្សធម៌ របស់សាខាកាកបាទក្រហមទទួលរងរបួសធ្ងន់ ៣នាក់ និងមន្រ្តីមន្ទីរព័ត៌មាន១នាក់ រងរបួសស្រាល។ លោកប្រធាន ជូនពរឲ្យមន្រ្តីសាខាទាំង៣នាក់ សូមបានឆាប់ជាសះស្បើយ មានកម្លាំងពលាំង ដើម្បីបានបម្រើការងារជូនអង្គភាពវិញ។

ដើម្បីចូលរួមសម្រួលជីវភាពគ្រួសារ ក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺ របស់មន្រ្តីសាខាទាំង៣រូប,លោក ថង សាវុន បានផ្តល់ថវិការរបស់សាខា និងថវិកាផ្ទាល់របស់លោក, ថវិកា ស.ស.យ.ក និងការចូលរួមវិភាគទានពីសមាជិក សមាជិការសាខា និងសប្បុរសជនមួយចំនួនទៀត ជូនមន្រ្តីសាខាទាំង៣ ដែលរងរបួសធ្ងន់ ដោយក្នុងម្នាក់ៗ ទទួលបាន១,៤៥០,០០០រៀល។ ដោយឡែកមន្រ្តីយកព័ត៌មាន នៃមន្ទីរព័ត៌មានខេត្ត១នាក់ រងរបួសស្រាលទទួលបាន៩៥០,០០០រៀលផងដែរ។

សូមរំលឹកថា ឧបទេវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី កើតឡើងនៅវេលាម៉ោង៧៖៣០ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លើណាត់ផ្លូវក្នុងភូមិសាស្រ្ត ឃុំកិចុង ស្រុកបរកែវ ខណៈដែលរថយន្ត បានដឹកសម្ភារៈមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ យកទៅចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រ ចំនួន៣០គ្រួសារ នៅស្រុកអណ្តូងមាស។ តែចៃដន្យរថយន្តបានបែកកង់ក្រោយ រួចក៏ក្រឡាប់តែម្តង បណ្តាលឲ្យមន្ត្រីសាខា៣នាក់ រងរបួសធ្ងន់ និងមន្រ្តីយកព័ត៌មាននៃមន្ទីរព័ត៌មាន១នាក់រងរបួសស្រាល៕