(ភ្នំពេញ)៖ នាពេលថ្មីៗនេះសភាប្រជាជនចិន សម្រេចបង្កើតនិងកែលម្អប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់សម្រាប់តំបន់រដ្ឋបាលពិសេសហុងកុង ដែលត្រៀមនឹងអនុម័តក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋរស់នៅទីក្រុងហុងកុង។ ពាក់ព័ន្ធនឹងការបង្កើត និងកែលម្អប្រព័ន្ធច្បាប់សម្រាប់ទីក្រុងហុងនេះ រាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រ និងបានអះអាងថា ជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០នេះឲ្យដឹងថា

ទី១៖ ប្រទេសកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ «ចិនមួយ» ហើយចាត់ទុកកិច្ចការរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។

ទី២៖ សេចក្តីសម្រេចរបស់សភាប្រជាជនចិនលើការបង្កើត និងកែលម្អប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់សម្រាប់តំបន់រដ្ឋបាល​ពិសេសហុងកុង ដើម្បីរក្សាសន្តិសុខ និងអធិបតេយ្យភាពជាតិ ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញចិន និងច្បាប់មូលដ្ឋានរបស់ហុងកុង គឺជាសិទ្ធិអធិបតេយ្យរបស់ចិនក្នុងនាមជាប្រទេសឯករាជ្យ។

ទី៣៖ កម្ពុជាប្រាជ្នាចង់ឃើញតំបន់រដ្ឋបាលពិសេសហុងកុង បន្តមានវឌ្ឍនភាព និងវិបុលភាព ក្នុងសុខសន្តិភាព ស្ថិរភាព ភាពសុខដុម និងគ្មា​នការជ្រៀតជ្រែកពីបរទេស។

សូមជំរាបថា កាលពីខែមិថុនា ឆ្នាំ២០១៩ ការធ្វើបាតុកម្មដ៏កក្រើកបានផ្ទុះឡើង ដើម្បីប្រឆាំងនឹងសេចក្តីព្រាងច្បាប់មួយទាក់ទងទៅនឹង បញ្ហានៃការធ្វើបត្យាប័នជនសង្ស័យ។ ទោះបីជាវាត្រូវបានរដ្ឋបាលទីក្រុងហុងកុង យល់ព្រមលុបចោលវិញក៏ដោយ សកម្មភាពតវ៉ានៅតែបន្តដោយអំពើហិង្សា រហូតឆ្លងចូលមកដល់ដើមឆ្នាំ២០២០ ប៉ុន្តែនៅពេលវិបត្តិជំងឺរាតត្បាតសកល COVID-19 បានផ្ទុះឡើង ទើបសកម្មភាពតវ៉ាបានស្ងប់ស្ងាត់ទៅវិញ។ ទោះជាបែបនេះក្តីចំពោះមុខការគ្រោង អនុម័តច្បាប់ថ្មីខាងលើពីសំណាក់ទីក្រុងប៉េកាំង បច្ចុប្បន្ននេះក្រុមសកម្មជនហុងកុង បាននឹងកំពុងបំផុសបំផុលឲ្យមានការធ្វើបាតុកម្មសាជាថ្មីឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសចិន បានបន្តបញ្ជាក់ថា ខ្លួនជំទាស់ដាច់ខាតចំពោះការព្យាយាមលូកលាន់ពីសំណាក់បរទេសចូលក្នុងតំបន់ រដ្ឋបាលពិសេសនេះ ហើយចិននឹងប្រឆាំងតទល់វិញដោយឥតចុះញ៉មឡើយ ប្រសិនបើបរទេសនៅតែប៉ុនប៉ងរុកគួនខ្លួនពាក់ព័ន្ធស្ថានភាពទីក្រុងហុងកុង នេះបើយោងតាមសារព័ត៌មានចិនចេញផ្សាយ៕