(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា (Josel J. Zuniga) ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីរូបលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោករាជធានីភ្នំពេញ នាឱកាសនោះ លោកវរសេនីយ៍ឯកJosel J. Zuniga ក្នុងនាមក្រសួងការពារជាតិ និងបញ្ជាការដ្ឋានកងទ័ពហ្វីលីពីន បានជម្រាបជូនអំពីកិច្ចការដែលលោកសម្រេចបាន ក្នុងបេសកកម្មការទូតនៅកម្ពុជាកន្លងមក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានផ្តល់នូវការគាំទ្រដល់រូបលោក និងសហការី ក្នុងការបំពេញបេសកកម្មទទួលបានជោគជ័យនៅកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ក្នុងនាមជំនួសមុខជូន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មកាទូតរបស់ លោកវរសេនីយ៍ឯក Josel J. Zuniga និងសហការីនៅកម្ពុជា ដែលបានធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន មានភាពល្អប្រសើរជាបន្តបន្ទាប់ ជាពិសេសការផ្លាស់ប្ដូរ ទស្សនកិច្ចប្រតិភូកងទ័ពរវាងប្រទេសទាំងពីរ ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់។

នៅចុងបញ្ចប់នៃជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរក៏បានជូនគ្នាទៅវិញទៅមកនូវវត្ថុអនុស្សាវរីយ៍ ក្នុងស្មារតីរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕