(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចំនួន២គ្រឿង ចុះទៅត្រួតពិនិត្យទីតាំងលក់គ្រឿងសមុទ្រ ចំនួន០២ទីតាំង ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប្រតិបត្តិការនេះធ្វើឡើង ដោយមានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងការចង្អុលបង្ហាញពី លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានកំណត់យកទីតាំងទី១៖ នៅកន្លែងលក់គ្រឿងសមុទ្រ បោះដុំ និងលក់រាយ ដែលមានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ៥៧Eo ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ទីតាំងទី២៖ នៅកន្លែងលក់គ្រឿងសមុទ្រ បោះដុំ និងលក់រាយ ដែលមានអាសយដ្ឋា ស្ថិតផ្ទះលេខ២៨A និង ៣០B ផ្លូវលេខ២៣០ (ផ្លូវកោសដូង) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានត្រួតពិនិត្យទំនិញជាគ្រឿងសមុទ្រក្លាសេ ចំនួន៣៦គំរូ រួមមាន មឹក ក្តាម បង្គា ត្រីបបែល បង្កងប៉ាក ត្រីសាមបាក់ ព្រុយត្រីសាល់ម៉ុង។ល។ ដើម្បីយកមកវិភាគស្វែងរកសារធាតុគីមីហាមឃាត់ ដែលជាលទ្ធផល គឺផលិតផលទាំង៣៦គំរូនេះ សុទ្ធតែមានអនុលោមភាពផ្នែកម្ហូបអាហារ។

មន្ត្រីជំនាញ នៃអគ្គនាយដ្ឋាន ក.ប.ប. បានណែនាំដល់អាជីវករ ទិញ លក់ ទំនិញត្រូវមានវិក្កយបត្រទិញ លក់ និងត្រូវដឹងពីប្រភពនាំចូលច្បាស់លាស់ ដើម្បីពេលមានបញ្ហាកើតឡើង បង្កលក្ខណៈងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណប្រភពនាំចូល និងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន ក.ប.ប. សូមជូនដំណឹង ដល់សាធារណជន ជាពិសេសអាជីវករឲ្យបានជ្រាបថា ដោយមួយរយៈកន្លងមកនេះ មានជនខិលខូច បានបន្លំជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានដើរបោកបញ្ឆោទ និងជំរិតទារប្រាក់ពីម្ចាស់ទីតាំងអាជីវកម្ម ជាថ្នូរនឹងការមិនចុះត្រួតពិនិត្យទីតាំងរបស់ខ្លួន ។ល។ សូមសាធារណជន និងម្ចាស់អាជីវកម្ម ធ្វើការផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. តាមរយៈលេខ ០២៣ ២៣១ ៨៥៦ និង Facebook Page របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីនាំជនខិលខូចបោកប្រាស់នោះឲ្យទទួលខុសត្រូវចំពោះមុខច្បាប់៕