(ភ្នំពេញ)៖ ដើម្បីចូលរួមសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពកូវីដ១៩ អង្គការសប្បុរសធម៌ ក្លឹម រ៉ូតថារី បានឧបត្ថម្ភនូវនូវ អង្គរ២០តោន អំបិល១តោន ទឹកត្រី១០០ដប ស្កសរ ១តោន ជូនដល់ក្រសួងមហាផ្ទៃ ដើម្បីយកទៅចែកបន្តដល់ជនក្រីក្រ។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធីបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង បានថ្លែងថា «មកទល់នឹងពេលនេះ យើងបានទទួលនូវអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗពីបណ្ដាអង្គការនានា ដែលក្នុងនោះរួមមានទាំង អង្គការសប្បុរសធម៌ ក្លឹម រ៉ូតថារី សម្រាប់យកទៅចែកជូនដល់ពលករខ្មែរយើង ដែលមានជីវភាពខ្វះខាត ជាពិសេស បាត់បង់ការងារមកពីប្រទេសថៃ»។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងបន្ដថា កន្លងមកនេះ ក្រសួងបានយកនូវអំណោយទាំងអស់នេះ បែងចែកទៅតាមខេត្ដគោលដៅត្រូវការ ដោយចុះទៅតាមសហគមន៍ ដើម្បីធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជាពិសេសជាមួយពលរដ្ឋ ដែលត្រលប់មកពីក្រៅប្រទេស។

លើសពីនោះ លោកស្រីបន្ដថា «នៅសប្ដាហ៍ក្រោយនេះ យើងនឹងចុះទៅតាមគោលដៅ គឺខេត្ដកំពង់ឆ្នាំង និងបាត់ដំបង ហើយជាបន្ដបន្ទាប់ នឹងចុះជួយពលរដ្ឋ ដែលចាញ់បោកមេខ្យល់ទៅក្រៅប្រទេសដូចជា៖ ក្រចេះ កំពង់ធំ ត្បូងឃ្មុំ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ កំពង់ឆ្នាំង សៀមរាប និងបណ្ដាខេត្ដផ្សេងៗទៀត ដែលកំពុងជួបនូវការលំបាកខ្លាំងផងដែរ។

លោកស្រីបន្ដថា «សម្រាប់ថវិកា ក៏ដូចជាសម្ភារនានា ដែលអង្គការមនុស្សធម៌ឧបត្ថម្ភមកនេះ យើងក៏មានកញ្ចប់ថវិកាពី រាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ សម្រាប់ជួយសម្រាលការលំបាក ទៅដល់គ្រួសារងាយរងគ្រោះ និងរងគ្រោះបំផុត ក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩នេះ»

ក្រៅពីចុះសំណេះសំណាល និងផ្ដល់អំណោយដល់ពលរដ្ឋខ្វះខាតនេះ យើងនឹងទៅស្វែងយល់ និងផ្ដល់ដំណោះស្រាយ ដល់ពលរដ្ឋយើងដែលងាយទទួលរងនូវហានិភ័យផ្សេងៗ ជាពិសេស ការចង់ត្រលប់ទៅធ្វើការនៅប្រទេសថៃវិញ ទាំងថៃមិនទាន់បើកច្រកនៅឡើយនេះ។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងទៅធ្វើការនៅប្រទេស សូមផ្អាកសិន វាមិនមែនជាដំណាក់កាលល្អនោះទេ ដោយសារតែលើបណ្ដាប្រទេសទាំងនោះកំពុងតែបន្ដរាតត្បាតកាន់តែច្រើន នៃជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរ លោកស្រី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងអង្គការមនុស្សធម៌នានា ជាពិសេស ក្លឹបរ៉ូតថារី ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងប្រយុទ្ធនឹងជំងឺកូវីដ១៩។

សូមជម្រាបផងដែរ នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមការងារ «ក្លឹបរ៉ូតថារី» បាននាំយកសម្ភារ និងស្បៀងអាហារនានា ចែកជូនដល់ពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុតនៅកម្ពុជា។ កន្លងមក ក៏បាននាំយកនូវសម្ភារបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតាមបណ្ដាគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យធំៗ ដូចជាមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតជាដើម និងតាមមន្ទីរពេទបង្អែកខេត្ដ។

«ក្លឹបរ៉ូតថារី» ជាអង្គការអន្តរជាតិមួយកើតចេញពីបណ្តុំសម្ព័ន្ធក្រុមហ៊ុនអាជីវកម្មនានា ដែលមានអាយុកាលប្រមាណជា១០០ឆ្នាំមកហើយ មានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមលើវិស័យអប់រំ, មន្ទីរពេទ្យ, ការគាំពារទារក និងមាតា, ទឹកស្អាត, សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត។

សម្រាប់ «រ៉ូតថារីក្លឹបភ្នំពេញចតុមុខ, រ៉ូតថារីក្លឹបភ្នំពេញខេពីថល និងរ៉ូតថារីក្លឹបភ្នំពេញសេនត្រល» ជាសាខានៅក្នុងប្រទេសកម្ពុជា ក៏បាននិងកំពុងធ្វើសកម្មភាពមនុស្សធម៌ យ៉ាងសកម្មផងដែរ ដើម្បីរួមចំណែកជួយដល់សង្គម៕