(ភ្នំពេញ)៖ ថ្នាំញៀនជាង១០កញ្ចប់ធំ ក្នុងនោះមានម្សៅស១កញ្ចប់ ត្រូវដកហូតបានពីស្ត្រីជាជនសង្ស័យម្នាក់ នៅក្នុងប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយ កម្លាំងកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ។

ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១៣៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដែលមានឈ្មោះឈ្មោះ សំ ធាវី ភេទស្រី អាយុ៥៣ឆ្នាំ។ ក្នុងនោះ ដកហូតបាន ក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់, ម្សៅម៉ត់ពណ៌ស ០១កញ្ចប់ធំ, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន, ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

ដោយឡែក ករណីមួយទៀត គឺបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនហួសកម្រិត រហូតវង្វេងវង្វាន់ស្មារតីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ ត្រូវបានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ជនសង្ស័យឈ្មោះ យ៉េស សម័យ អាយុ២៥ឆ្នាំ មុខរបរ រត់ម៉ូតកង់បី។

កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ឈានដល់ការឃាត់ខ្លួននេះ យោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនសង្ស័យឈ្មោះ ចាន់ ណែត អាយុ៦០ឆ្នាំ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បញ្ជាក់ថា ជនសង័្សយជាមនុស្សញៀនថ្នាំ ហើយគេតែងតែបង្កនូវបញ្ហាមិនចេះចប់ រហូតធ្វើឲ្យក្រុមគ្រួសារពិសេស ម្ដាយរបស់គេមានការលំបាកចិត្ដយ៉ាងខ្លាំង រហូតដល់ទ្រាំមិនបានទើបដាក់ពាក្យបណ្តឹង ដល់អាវុធហត្ថមានជ័យឲ្យឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យបែកថ្នាំខាងលើ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធី៕