(កំពត)៖ ដេីម្បីជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ មន្ត្រីទីស្នាក់ការកណ្តាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ យកទៅចែកជូន ដេីម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋទាំងនោះ នៅតាមតំបន់រងគ្រោះនីមួយៗ។

ជាក់ស្តែង នៅថ្ងៃសុក្រ ទី ២២ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ២១០គ្រួសារ រស់នៅខេត្តកំពត (ក្នុងនោះ ៨៩គ្រួសារ នៅស្រុកឈូក និង ១២១គ្រួសារ នៅស្រុកដងទង់ )។

ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការ រងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេស ក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈម ទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកេីតឡេីង ដោយមិនអាចស្មាន បាន។

ហេតុដូចនេះហេីយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយនាំយកនូវគ្រឿងបរិភោគ សម្ភារ ប្រេីប្រាស់ និងថវិកាមួយចំនួន ដេីម្បីជួយសម្រាលការលំបាកទៅតាមស្ថានភាព រង គ្រោះ ជាក់ស្តែង របស់គ្រួសាររងគ្រោះ ធ្ងន់-ស្រាលនីមួយៗ ព្រមទាំងបានពាំនាំនូវសារអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈ ការតាមដានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការ ត្រៀមបង្ការផ្សេងៗទៀត។

លោកស្រី អគ្គលេខាធិការរងទី ១ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា តែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសទៅតាមលទ្ធភាព។

ទន្ទឹមនឹងនេះ លោកស្រី បានថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ដល់កាកបាទក្រហមកម្ពុជា ទោះបីជា កាកបាទក្រហមកម្ពុជា បានផ្អាកការប្រារព្ធទិវា ៨ ឧសភា ឆ្នាំ២០២០នេះ ដោយសារតែស្ថានភាពនៃជំងឺកូវីដ-១៩ ក៏ដោយ ។

ជាមួយគ្នានេះ លោកស្រី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់ របស់ក្រសួងសុខាភិបាល ជាពិសេសការរក្សាអនាម័យ ដៃស្អាត ពាក់ម៉ាស (ក្នុងករណីចាំបាច់) ប្រេីកន្សែងឬក្រមា ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ គិតគូរពីសុវត្ថិភាព ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដេីម្បីទប់ស្កាត់សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលកេីតមានឡេីងជារៀងរាល់ថ្ងៃ និងត្រូវរួមគ្នាថែរក្សាសន្តិភាព និងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ។

សូមបញ្ជាក់ផងដែរថា គ្រួសាររងគ្រោះនីមួយៗទទួលបាន អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) ដូចៗគ្នា។

ដោយឡែក គ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុង ទទួលបានបន្ថែម តង់ចំនួន១ និងថវិកា ២០ម៉ឺនរៀល។ ចំពោះគ្រួសាររងគ្រោះដោយប៉េីងដំបូលធ្ងន់ធ្ងរ ទទួលបានបន្ថែម តង់ចំនួន១ និងថវិកា ១០ម៉ឺនរៀល ហើយគ្រួសាររងគ្រោះដោយប៉េីងដំបូលផ្ទះស្រាល ទទួលបានបន្ថែម ថវិកា ៥ម៉ឺនរៀលផងដែរ៕