(កណ្ដាល)៖ លោក ហេង ផល្លា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ជាបណ្ដោះអាសន្នពាក់ព័ន្ធបទល្មើសចំនួន៣។ ជនត្រូវចោទមានឈ្មោះ ទា តុងហេង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការខេត្តកណ្តាល ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមដីកា បុរសរូបនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ឆបោក រំលោភលើទំនុកចិត្ត និងលួចលក់អចលនវត្ថុអ្នដទៃ» ប្រព្រឹត្តនៅចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ យោងតាមមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៥៥ នៃច្បាប់ភូមិបាល។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ តាំង ហ្គិចហ៊ុង បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៦ ជនត្រូវចោទឈ្មោះ ទា តុងហេង បានបបួលខ្លួនទៅទិញដីទំហំ ២៦ហិកតា នៅក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាលតម្លៃ ៩,៥០០ដុល្លារក្នុងមួយហិកតា។ ដោយសារតែជឿទុកចិត្តលើឈ្មោះ ទា តុងហេង ជនរងគ្រោះបានប្រគល់លុយចំនួន ២៦៥,០០០ដុល្លារទៅឲ្យជនត្រូវចោទរូបនេះ។ ក្រោយមកឈ្មោះ ទា តុងហេង បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុច្បាប់ដើម ចំនួន ១២៥ច្បាប់ ប្រគល់ឲ្យជនរងគ្រោះ។

ប៉ុន្តែក្នុងចំណោម វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុច្បាប់ដើម ទាំង១២៥ច្បាប់ គឺមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុច្បាប់ដើម ចំនួន៦៨ច្បាប់ជាឯកសារក្លែងក្លាយ។ ដូច្នេះឈ្មោះ ទា តុងហេង បានទិញដីឲ្យខ្លួនបានត្រឹមតែ ១៥ហិកតាប៉ុណ្ណោះ គឺបានបាត់ដីចំនួន ១១ហិកតា។ ក្រោយមកឈ្មោះ ទា តុងហេង បានឲ្យកូនប្រុសទៅយកប្លង់ដីពីជនរងគ្រោះយកទៅផ្ទេរសិទ្ធិឲ្យឈ្មោះ កិច្ច ភាវ និងឈ្មោះ ហូ លាងចិត្ត ថែមទៀត ដែលជាអំពើទុច្ចរិតបំផុត ពុំគួរឲ្យលៀកលែងបាន ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងជនត្រូវចោទតែម្ដង ដើម្បីទាមទារការខូចខាតរបស់ខ្លួន៕