(បាត់ដំបង)៖ ក្រុមការងារចំរុះក្រុងបាត់ដំបង ដឹកនាំដោយលោក លាង វាសនា អភិបាលរងក្រុង ទទួលបន្ទុកសំណង់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកម្លាំងជំនាញ ចុះផ្អាកការសាងសង់កន្លែងលាង និងថែទាំរថយន្តមួយកន្លែងធ្វើលើសច្បាប់ ដោយលួចបង្កប់ស៊ីទែនប្រេងចំនួន២ក្នុងដី នៅទីតាំងកំពុងសាងសង់នោះ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

បើតាមមន្រ្តីជំនាញសំណង់ក្រុងបាត់ដំបង បានឲ្យដឹងថា ទីតាំងដី១កន្លែង ដែលកម្លាំងចម្រុះចុះផ្អាកនេះ ជាដីរបស់ឈ្មោះ ព្រាប សុខជា បានជួលឲ្យទៅឈ្មោះ ឌិត ជិន ដើម្បីបើកមជ្ឈមណ្ឌលថែទាំរថយន្ត និងលាងរថយន្ត តែអ្នកទៅសុំច្បាប់សាងសង់ គឺលោក ព្រាប សុខជា កន្លងមកតែក្រោយមកមន្រ្តី បានចុះមកត្រួតពិនិត្យមើល ម្តងហើយឃើញថា ខុសបច្ចេកទេសរួច បានប្រាប់ម្ចាស់ឲ្យកែតំរូវ តែម្ចាស់មិនព្រមកែតំរូវតាមការណែនាំ របស់មន្រ្តីជំនាញឡើយ។

លុះព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ ស្រាប់តែមានអ្នករាយការណ៍ថា ជាងកំពុងធ្វើដោយបានលួចបង្កប់ស៊ីទែនប្រេងចំនួន២ ដោយខុសច្បាប់។

បន្ទាប់ពីឃើញដូច្នេះ ក្រុមចំរុះបានសម្រេចឲ្យផ្អាកធ្វើសកម្មភាពបន្តទៀតនោះឡើយ ដោយតំរូវឲ្យម្ចាស់ទីតាំងទៅសុំច្បាប់ ពីជំនាញពាក់ព័ន្ធនៅសាលាក្រុងជាមុនសិន ហើយសមស្របទើបអនុញាតឲ្យសាងសង់បន្តបាន បើឃើញថាខុសបច្ចេកទេសជំនាញណាមួយនោះ សមត្ថកិច្ចជំនាញមិនអនុញាតច្បាប់ឲ្យធ្វើបន្តទៀតឡើយ៕