(ភ្នំពេញ)៖ ករណីរឿងក្តីវិវាទដីធ្លីមួយកន្លែងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានរយៈពេលជាង៥ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ តាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ដួង​ តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន ដែលបានចូលរួមដោះស្រាយវិបត្តិនេះបានរៀបរាប់យ៉ាងដូច្នេះថា៖ មានជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ Rainer Maria Wollny អាយុ៧៤ឆ្នាំ។ គាត់បានមកប្រទេសខ្មែរកាលពីឆ្នាំ២០០៤។ ពេលគាត់មកដល់ប្រទេសយើងគាត់ បានទៅរស់នៅខេត្តកំពង់ស្ពឺ ហើយគាត់ក៏បានសង់សាលា១ ខ្នងមាន២ បន្ទប់ជាអំណោយសម្រាប់កុមារនៅទីនោះមានឱកាសបានរៀនសូត្រ។ នៅឆ្នាំ២០១៣ គាត់មានសង្សារខ្មែរឈ្មោះ នួន ច័ន្ទមករា ហើយមានកូនប្រុសមួយជាមួយគ្នាឈ្មោះ Emanuel Kirivan Wollny ដែលពេលនេះអាយុបាន៦ឆ្នាំ។

ក្រោយមកអ្នកទាំងពីរឈ្លោះគ្នា ដោយសារនៅចុងឆ្នាំ២០១៥ ខាងស្រីបានក្លែងឯកសារលក់ដីដែលជនជាតិអាល្លឺម៉ង់បានទិញជាង១១០០ ហិកតា នៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្នកទាំពីរបានប្តឹងផ្តល់គ្នាឡើងតុលាការតាំងពីចុងឆ្នាំ២០១៥ (៥ឆ្នាំមកហើយ) តែពុំមានដំណោះស្រាយ។ រឿងនេះស្ថានទូតអាល្លឺម៉ង់ក៏ធ្លាប់បានទាក់ទង មកក្រសួងការបរទេសយើងសុំជួយដោះស្រាយផងដែរ។

ថ្មីៗនេះក្រោយពីបានដឹងថា សម្តេចបានជួយអន្តរាគមន៍ដោះស្រាយករណី លោក ថម បានជោគជ័យគាត់ក៏បានទំនាក់ទំនងស្នើសុំសម្តេចមេត្តាជួយរកយុត្តិធម៍ដល់គាត់ផង។ គាត់ស្រឡាញ់ប្រទេសកម្ពុជាខ្លាំងណាស់ គាត់បានសម្រេចយកជីវិតចុងក្រោយមករស់នៅ និងប្រកបការងារនៅប្រទេសខ្មែរ ដោយមានជំនឿលើការដឹកនាំរបស់សម្តេច។

ដោយសារក្តីក្តាំជាង៥ឆ្នាំនេះគ្មានដំណោះស្រាយ ហើយសុខភាពគាត់ក៏កាន់តែទ្រុឌទ្រោមទៅៗ ព្រោះពេលនេះជង្គង់ទាំង២របស់គាត់គឺបានដាក់ដែកសិប្បនិម្មិត ដែលធ្វើឲ្យគាត់ខ្វល់ខ្វាយកាន់តែខ្លាំងឡើងមិនដឹងថា រឿងនេះនឹងទៅជាយ៉ាងណា ទើបរូបគាត់ដាច់ចិត្តគោរពស្នើសុំសម្តេចមេត្តាជួយគាត់ផង។

ក្រោយពីបានទទួលលិខិតគាត់ហើយ ដោយមិនចង់ឲ្យសម្តេចលំបាកទាំងផ្លូវចិត្តផ្លូវកាយ មិនបង្អង់យូរកាលពីព្រឹកមិញខ្ញុំ និងក្រុមការងារក៏បានចុះទៅជួបគាត់ដោយផ្ទាល់ នៅផ្ទះគាត់នៅខេត្តកំពង់ស្ពឺ លើទីតាំងដីខាងលើ ហើយពេលនោះក៏បានជួបអាជ្ញាធរភូមិ ឃុំ ស្រុក ប្រធានតុលាការ និងព្រះរាជអាជ្ញាផងដែរ។

ខ្ញុំបានពន្យល់ពួកគាត់អំពីដំណោះស្រាយឈ្នះ ឈ្នះក្រៅផ្លូវតុលាការដូចដែលបានដោះស្រាយបានជោគជ័យនៅកំពត ដែលបានធ្វើឲ្យគ្រប់ភាគីទាំងអស់គាំទ្រ។ បន្ទាប់មកនៅរសៀលម៉ោង៣៖០០ថ្ងៃដដែលនេះ ខ្ញុំក៏បានហៅភាគីខាងស្រី នួន ច័ន្ទមករា មកពិភាក្សាដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមដំណោះស្រាយឈ្នះ-ឈ្នះ ហើយក៏សម្រេចបានជោគជ័យដោយបានឈានទៅបញ្ចប់រឿងក្តីវិវាទ ដែលមានអាយុកាលជាង៥ឆ្នាំមកនេះគឺបានចប់ក្នុងពេល១ថ្ងៃនេះតែម្តង ដោយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ចប់វិវាទជាស្ថាពរ នៅចំពោះមុខមេធាវីស្ម័គ្រចិត្ត។

ករណីជនបរទេសទី២ នេះបានសម្រេចជោគជ័យដោយដើរតាមដំណោះស្រាយឈ្នះឈ្នះរបស់សម្តេច។ ទាំងលោក រេននៀ (Rainer) និង ប្អូនស្រី នួន ច័ន្ទមករា សូមគោរពថ្លែងអំណរគុណសម្តេចយ៉ាងជ្រាលជ្រៅបំផុត ដែលបានផ្តល់នូវយុត្តិធម៍តាមដំណោះស្រាយឈ្នះ-ឈ្នះដ៏មានប្រសិទ្ធិភាពនៅថ្ងៃនេះ។

លោក ដួង តារា បានបញ្ចាក់ថា​ ក្រោយពីបានដោះស្រាយបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកតុលាការ ទាំងអាជ្ញាធរ សមត្ថកិច្ច ដែលបានចូលរួមដោះស្រាយបញ្ចប់វិវាទយ៉ាងល្អក្រោមគោលនយោបាយឈ្នះឈ្នះ៕