(ភ្នំពេញ)៖ សម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។

ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រួមជាមួយ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពាះអង្គការសុខភាពពិភពលោក ទាំងការិយាល័យនៅប្រទេសកម្ពុជា និងការិយាល័យប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច ដែលតែងតែជួយឧបត្ថម្ភគាំទ្រថវិកា និងបច្ចេកទេសដល់វិស័យសុខាភិបាលកម្ពុជា។

នេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់អង្គការសុខភាពពិភពលោក ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ជំនួយមនុស្សធម៌នេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ។

សូមជម្រាបថា សម្ភារបរិក្ខារពេទ្យដែលអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ប្រគល់ជូនដល់ក្រសួងសុខាភិបាល រួមមាន៖ កញ្ចប់ប្រមូលសំណាកចំនួន៦,០០០ស្វ័ព(Sample Collection Kits) និង RT-PCR Kits ( E-gene kits:80 pcs and RDRP Kits:16 pcs) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩៕