(ភ្នំពេញ)៖ លោក តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យកាត់បន្ថយការនាំចូលសត្វជ្រូករស់ពីបណ្ដាប្រទេសជិតខាង ឃើញថាបច្ចុបប្បន្ននេះ ស្ថានភាពនៃការចិញ្ចឹមជ្រូក ក្នុងស្រុកមានការកើនឡើងគួរឲ្យកត់សំគាល់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ ចូលមកប្រទេសកម្ពុជា» នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក តាន់ សុផាន់ណារ៉ា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្ដីក្រសួងកសិកម្ម បានដាក់ចេញវិធានការផ្សេងៗ ដើម្បីឲ្យបងប្អូនក្នុងស្រុកអាចចិញ្ចឹមសត្វបានច្រើន។

លោកបន្ថែមថា «ជាក់ស្ដែងបន្ទាប់ពីបានដាក់ចេញនូវវិធានការផ្សេងៗឃើញថាចំនួនមេជ្រូកពូជ និងកូនជ្រូកពូជដែលបាននាំចូលក្នុងឆ្នាំ២០១៩ មេជ្រូកពូជមានត្រឹមតែ៧ពាន់ក្បាលប៉ុណ្ណោះ ចំណែកការនាំចូលកូនជ្រូកពូជមានប្រហែលជា២ម៉ឺនក្បាល ក្នុងរយៈពេលមួយឆ្នាំ ប៉ុន្ដែដើមឆ្នាំ២០២០នេះវិញ ការនាំចូលមេជ្រូកពូជ មានរហូតដល់ជាង៥ពាន់ក្បាល ចំណែកឯការនាំចូលកូនជ្រូកពូជមានដល់៦ម៉ឺនក្បាលហើយ
ចំនួនទាំងនេះគិតត្រឹមដើមឆ្នាំប៉ុណ្ណោះ។ ទាំងនេះបង្ហាញឲ្យឃើញថា ចំណាត់ការរបស់ក្រសួងបានធ្វើឲ្យប្រជាកសិករចាប់អារម្មណ៍ លើការចិញ្ចឹមសត្វដែលជួយជាមុខរបរ ដើម្បីចៀសវាងមានចំណាកស្រុក»

លោកបានបន្ដថា តម្លៃជ្រូករស់ក្នុងស្រុកក៏រក្សាបាននូវស្ថិរភាពល្អផងដែរ ដែលធ្លាប់តែធ្លាក់ចុះមកត្រឹមតែ៨០០០រៀលក្នុង១គីឡូក្រាម ប៉ុន្តែពេលនេអាចធានាបាននូវស្ថិរភាពតម្លៃ ក្នុងចន្លោះពី១១០០០-១២០០០រៀល។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាថ្លែងឲ្យដឹងថា រយៈពេលជាច្រើនខែមកហើយ តម្លៃសត្វជ្រូករស់មានចន្លោះពី១១០០០-១២០០០រៀល ដែលតម្លៃនេះជាតម្លៃថេរល្អ ដែលបង្ហាញថា ចំណាត់ការរបស់ក្រសួងកសិកម្ម ធ្វើឲ្យវិស័យចិញ្ចឹមជ្រូករស់ឡើងវិញ ។

លោក ស្រ៊ុន ពៅ បានថ្លែងបន្ដថា «សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រចំពោះចំណាត់ការ របស់អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ដោយផ្អែកលើលហេតុផលថា បន្ទាប់ពីការដាក់ចេញនូវវិធានការនានា ឃើញថាការចិញ្ចឹមសត្វរបស់ប្រជាកសិករកើនឡើង ដូច្នេះកសិកររាប់ម៉ឺនគ្រួសារបានទទួលផល ទាំងនេះបានចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុករបស់ប្រជាពលរដ្ឋ។ ក្នុងនាមសមាគម សូមគាំទ្រចំណាត់ការរបស់ក្រសួង ក៏ដូចជានាយកដ្ឋាន»

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ន នៅកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ទីផ្សារជ្រូក ក្នុងស្រុកប្រមាណ៨២ភាគរយ តម្រូវការនាំចូលមានត្រឹមតែជាង១០ភាគរយប៉ុណ្ណោះ។ សត្វជ្រូកដែលកំពុងចិញ្ចឹមទាំងអស់នៅកម្ពុជា មានចំនួន២.៣លានក្បាល៕