(ភ្នំពេញ)៖ ដោយមានអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គណ:កម្មការអន្តរក្រសួង នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានជួបពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ ដឹកនាំដោយ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីពិនិត្យពិចារណា ក្នុងការចាប់ផ្តើមបើកជាបណ្តើរៗនូវវិស័យកីឡា។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចពិភាក្សាខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។ តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកជាអនុសាសន៍ឱ្យមានការប្រកួតកីឡាមួយចំនួនឡើងវិញ ដោយសារតែការប្រកួតមួយចំនួននោះ មានហានិភ័យតិចតួច និងអាចការពារបាន។ សម្តេចតេជោ បានបង្ហាញការយល់ឃើញថា បើសិនជាមានការពន្យារពេលយូរពេក អាចនឹងធ្វើឱ្យមានភាពទន់ខ្សោយ ដល់វិស័យកីឡារបស់យើងឡើងវិញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់អភិបាលរាជធានី-ខេត្ត ទូទាំងប្រទេសឱ្យធ្វើការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្ដុំ ជាបណ្ដោះអាសន្ន រហូតដល់ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានបញ្ចប់។ ការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទនេះ គឺធ្វើឡើងក្នុងស្មារតីបង្កើនការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩៕